ព័ត៌មានអន្តរជាតិ
វៀតណាម គ្រោងឈប់ប្រើយានយន្តប្រើសាំង-ម៉ាស៊ូត នៅក្រុងហូជីមិញ នៅឆ្នាំក្រោយនេះ
វៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងការធ្វើចរាចរណ៍យានយន្តដែលប្រើដោយសាំង និងម៉ាស៊ូតនៅកណ្ដាលក្រុងហូជីមិញ ចាប់ពីខែកក្កដា ឆ្នាំ២០២៧តទៅ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយកាសែតរដ្ឋ Thanh Nien ។
តាមផែនការ ក្រុងហូជីមិញនឹងសាកល្បងបង្កើតតំបន់បញ្ចេញការបំពុលទាប (LEZ) នៅតំបន់កណ្ដាលក្រុង និងតំបន់ទីក្រុងថ្មី Thu Thiem ដែលមានផ្ទៃដីប្រមាណ ៩៣០ ហិកតា។ បន្ទាប់ពីសាកល្បងរយៈពេល ២ឆ្នាំ តំបន់នេះនឹងត្រូវពង្រីកទៅតំបន់ក្នុងផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ចាប់ពីដើមឆ្នាំ២០២៩។
ចាប់ពីឆ្នាំ២០២៧ ឡានក្រុង និងយានយន្តប្រមូលសំរាមមួយចំនួនដែលចូលក្នុង LEZ នឹងត្រូវប្រើអគ្គិសនី ឬថាមពលស្អាត។ ចាប់ពីឆ្នាំ២០២៨ ម៉ូតូដឹកអ្នកដំណើរ និងម៉ូតូដឹកជញ្ជូនទំនិញ នឹងត្រូវប្តូរទៅប្រើថាមពលស្អាតដូចគ្នា ខណៈតាក់ស៊ី និងយានយន្តប្រភេទផ្សេងទៀត នឹងមានពេលវេលាផ្លាស់ប្តូរជាបន្តបន្ទាប់ រហូតដល់គ្មានការប្រើប្រាស់សាំងនិងម៉ាស៊ូត។
គូសបញ្ជាក់ថា ទីក្រុងហាណូយ កាលពីខែមិថុនា បានប្រកាសពីផែនការកាត់បន្ថយម៉ូតូស៊ីសាំងសម្រាប់សេវាដឹកជញ្ជូនទំនិញ នៅក្នុងតំបន់បញ្ចេញការបំពុលទាបជាបណ្ដើរៗ ចាប់ពីខែមករា ឆ្នាំ២០២៧តទៅ៕