ព័ត៌មានទូទៅ
ត្រឹម១០ថ្ងៃ! សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនក្មេងទំនើង និងជនងប់ល្បែងចំនួន១២៩នាក់ទៅតុលាការ
នៅក្នុងរយៈពេលត្រឹម១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនក្មេងទំនើង និងជនងប់ល្បែងស៊ីសងចំនួន ១២៩នាក់ទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
តាមរបាយការណ៍ក្នុងចំណោមករណីសរុប គឺករណីក្មេងទំនើងមាន២៧ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១១៩នាក់បញ្ជូនទៅតុលាការ ចំណែកករណីល្បែងស៊ីសងមាន ១០ករណី ឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១០នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៧នាក់។
បន្ថែមពីនោះ មូលដ្ឋានដែលសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ក្រចេះ រតនគិរី និងខេត្តស្វាយរៀង ចំណែកករណីល្បែងស៊ីសង មាននៅខេត្តកណ្តាល កំពត កំពង់ចាម និងខេត្តស្វាយរៀង។
យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង អ្នកលេងល្បែងប្រឈមការផ្ដន្ទាទោសពិន័យប្រាក់ ឬដាក់ពន្ធនាគារពី ១ថ្ងៃ ដល់ ១ខែ (ឬទាំងពីរ) ខណៈអ្នកបើក រឺអ្នកចាត់ចែងវង់ល្បែងប្រឈមការដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យប្រាក់ពី ៥លាន ដល់ ២០លានរៀល។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ក្មេងទំនើង» មិនមែនជាពាក្យបច្ចេកទេស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយផ្ទាល់នោះទេ ប៉ុន្តែទង្វើដែលក្មេងទំនើងភាគច្រើនប្រព្រឹត្ត ត្រូវទទួលទោសទណ្ឌយ៉ាងធ្ងន់ធ្ងរតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមប្រភេទបទល្មើស៕