ព័ត៌មានទូទៅ
ទឹកជំនន់! កសិផលជាង ១០០០ ហិកតា នៅត្បូងឃ្មុំនឹងខូចខាតទាំងស្រុង
ដំណាំស្រូវ និងពោតក្រហមជាង ១០០០ហិកតា នៅខេត្តត្បូងឃ្មុំ នឹងត្រូវរងការខូចខាតទាំងស្រុង ដោយសារទឹកជំនន់ទន្លេមេគង្គ។ នេះបើយោងតាមការវាយតម្លៃរបស់មន្ទីរកសិកម្មខេត្តកាលពីថ្ងៃទី២៤ ខែសីហា។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ដំណាំពោតក្រហមប្រមាណ ៧៣១ហិកតា និងស្រូវ ៣៦១ហិកតា កំពុងប្រឈមការខូចខាតទាំងស្រុង ដោយសារស្ថិតក្នុងវគ្គដាក់ទឹកដោះ ខណៈដំណាំបន្លែ ៣ហិកតាទៀត បានខូចខាតទាំងស្រុង ដែលស្ថិតនៅឃុំឈូក រកាខ្នុរ និងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោកប្រធានមន្ទីរ បានណែនាំកសិករ ឱ្យពិចារណាឱ្យបានច្បាស់លាស់មុនចាប់ផ្តើមដាំដុះ។ ដើម្បីចៀសវាងហានិភ័យ ពីជំនន់ទឹកទន្លេមេគង្គ កសិករ គួរតែដាំពោតក្រហម ចាប់ពីដើមខែមេសា និងដាំស្រូវ ចាប់ពីដើម ខែឧសភា។ ដោយឡែក ចំពោះដើមពោត ដែលរងផលប៉ះពាល់នៅពេលនេះ លោកបានឱ្យកសិករ ប្រមូលទុកធ្វើជាចំណីសត្វ ឬកែច្នៃធ្វើជា «ផ្អកពោត» សម្រាប់ទុកឱ្យគោ ឬក្របីស៊ី បានក្នុងរយៈពេលមធ្យម។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមល្ងាចថ្ងៃទី២៤ សីហា ជំនន់ទន្លេមេគង្គ បានវាយប្រហារខេត្តចំនួន ៤ រួមមាន ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម។ គ្រោះមហន្តរាយនេះ បានបង្កផលប៉ះពាល់ដល់ ១៧ក្រុង-ស្រុក ឬស្មើនឹង ៧២ឃុំ-សង្កាត់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ បានណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុខភាព មុន អំឡុង និងក្រោយពេលទឹកជំនន់ ដើម្បីការពារហានិភ័យដល់សុខភាព តាមរយៈជំងឺឆ្លង ទឹកមិនស្អាត និងសត្វអសិរពិសជាដើម៕