Uncategorized
សិង្ហបុរី នឹងផ្តល់ថវិកាប្រមាណ ៥៥ ១៤០ដុល្លារដល់កុមារម្នាក់ៗរហូតដល់ ១៧ឆ្នាំ
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong បានប្រកាសកាលពីថ្ងៃទី២៣សីហានេះថា កុមារសិង្ហបុរីម្នាក់ៗ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្ទាល់ប្រមាណ ៥៥ ១៤០ដុល្លារអាមេរិក រហូតដល់ពួកគេមានអាយុគ្រប់ ១៧ឆ្នាំ។
លោកបានបញ្ជាក់ថា គម្រោងថ្មីនេះ នឹងផ្តល់ការគាំទ្របន្ថែម មិនត្រឹមតែនៅពេលកុមារទើបកើតមកប៉ុណ្ណោះទេ ប៉ុន្តែនឹងគាំទ្រក្នុងអំឡុងពេលដែលពួកគេធំធាត់ដែរ។ កញ្ចប់ថវិកានោះ នឹងរួមបញ្ចូលនូវសមាសភាគផ្សេងៗដូចជា កាដូសាច់ប្រាក់ ប្រាក់ឧបត្ថម្ភសេវាសុខាភិបាល (MediSave) ឥណទានកុមារ និងផ្សេងៗទៀត។
លោកបានហៅគម្រោងថ្មីនេះថា កញ្ចប់គាំទ្រកុមារសិង្ហបុរី ពោលគឺជាគម្រោងដែលនឹងបង្រួម ហើយចូលមកជំនួសឱ្យការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលបច្ចុប្បន្នត្រូវបានផ្តល់ជូនតាមរយៈគម្រោងប្រាក់ឧបត្ថម្ភទារក និងគម្រោងគ្រួសារ ដែលមានសមាជិកច្រើន។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានកុមារច្រើនជាង ៦១០ ០០០នាក់ ដែលមានអាយុ ១៧ឆ្នាំ និងតិចជាងនេះ នៅតាមគ្រួសារសរុបប្រមាណ ៣៨០ ០០០គ្រួសារ នឹងទទួលបានផលប្រយោជន៍ពីគម្រោងកញ្ចប់ថវិកានេះ៕