ព័ត៌មានអន្តរជាតិ
មនុស្សជិត ៥០នាក់ស្លាប់ ក្នុងហេតុការណ៍បំណាក់អណ្តូងរ៉ែមាស នៅអាហ្វ្រិកកណ្តាល
មនុស្សយ៉ាងហោចណាស់ ៤៩នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ បន្ទាប់ពីមានបំណាក់ដី ក្នុងសប្តាហ៍នេះ នៅឯកន្លែងជីករ៉ែមាសមួយ នៅភាគខាងលិចនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះបើយោងតាមអាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ នៅភូមិ Zamboye ក្នុងខេត្ត Nana-Mambere ជិតព្រំដែនជាមួយប្រទេសកាមេរូន។
លោក Rufin Benam-Beltoungou រដ្ឋមន្ត្រីក្រសួងរ៉ែ និងភូគព្ភសាស្ត្រ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Bangui ថា អ្នកស្លាប់ទាំងនោះ រួមមានជនជាតិអាហ្វ្រិកកណ្តាល ៣៤នាក់ ជនជាតិកាមេរូន ១៣នាក់ និងជនជាតិឆាដ ២នាក់។ មន្ត្រីរូបនេះបានបន្ថែមថា អាជ្ញាធរបានបញ្ជាឱ្យបិទកន្លែងជីករ៉ែនេះ ខណៈដែលប្រតិបត្តិការនៅតែបន្ត ដើម្បីស្វែងរកមនុស្សដែលអាចនៅតែជាប់នៅកន្លែងបំណាក់នោះ។
វីដេអូដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម បានបង្ហាញពីផ្នែកមួយនៃកន្លែងជីករ៉ែដ៏ធំកំពុងបាក់ស្រុត។ របាយការណ៍ដំបូងបានបង្ហាញថា ចំនួនអ្នកស្លាប់មានប្រហែល ១០០នាក់។
កាលពីថ្ងៃទី៦ ខែមិថុនា ហេតុការណ៍បំណាក់ដីមួយផ្សេងទៀត នៅកន្លែងជីកយករ៉ែមួយកន្លែង នៅភូមិ Kinyeme ក្នុងតំបន់ដដែលនោះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សជាង ១០នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕