ព័ត៌មានអន្តរជាតិ
EU អំពាវនាវឱ្យរក្សាភាពអត់ធ្មត់ជុំវិញភាពតានតឹងអ៊ីរ៉ង់
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២០ ខែសីហានេះ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងការទូតឡើងវិញ ស្របពេលមានភាពតានតឹង ជុំវិញបញ្ហាអ៊ីរ៉ង់ បន្ទាប់ពីមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមួយ ដែលបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានពិចារណាកំណត់គោលដៅលើធនធានយោធារបស់សហរដ្ឋអាមេរិក នៅតំបន់អឺរ៉ុប ប្រសិនបើលោកប្រធានាធិបតី Donald Trump បង្កើនសង្គ្រាមកាន់តែខ្លាំងឡើង។
ជាមួយគ្នានេះ លោកស្រី Anita Hipper អ្នកនាំពាក្យគណៈកម្មការ EU បានប្រាប់សន្និសីទសារព័ត៌មានថា ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas ក៏បានទាក់ទងធ្វើកិច្ចពិភាក្សាជាមួយភាគីនានា ជុំវិញបញ្ហានេះដែរ។
នៅពេលត្រូវបានសួរអំពីរបាយការណ៍នេះ លោកស្រី Hipper បាននិយាយថា លោកស្រីមិនមានព័ត៌មានថ្មីដើម្បីចែករំលែកឡើយ អំពីថា តើ EU ចាត់ទុកការគំរាមកំហែងដែលត្រូវបានរាយការណ៍នេះថា គួរឱ្យទុកចិត្តបាន ឬបានឃើញភស្តុតាង ដែលបង្ហាញថា អ៊ីរ៉ង់អាចបង្កការគំរាមកំហែងដល់ទ្វីបអឺរ៉ុបដែរ ឬទេ។
សារព័ត៌មាន Financial Times ដោយដកស្រង់សម្តីបុគ្គល ២រុបដែលស្និទ្ធនឹងរបបអ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងអ៊ីរ៉ង់បានវាយតម្លៃការវាយប្រហារលើធនធានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស នៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ ក្នុងនោះរួមទាំងប៊ុលហ្គារីផងដែរ ក្នុងករណីមានការវាយលុកឡើងវិញរបស់សហរដ្ឋអាមេរិក។
ដោយឡែកនៅពេលត្រូវបានសួរអំពីសេចក្តីប្រកាសចុងក្រោយរបស់លោក Trump ស្តីពីទណ្ឌកម្មកាន់តែតឹងរ៉ឹង លើអ៊ីរ៉ង់ និងថា តើ EU មានអារម្មណ៍ថា រងប៉ះពាល់ដោយការអំពាវនាវរបស់លោក ដើម្បីឱ្យសម្ព័ន្ធមិត្តគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យទីក្រុងតេអេរ៉ង់កាន់តែឯកោផ្នែកសេដ្ឋកិច្ចដែរ ឬទេ លោកស្រី Hipper បាននិយាយថា «យើងនឹងមិនធ្វើការប៉ាន់ស្មាន អំពីរឿងនេះទេ»៕