ព័ត៌មានអន្តរជាតិ
ប្រជាជនប៉ាឡេស្ទីនជិត ៩ សែននាក់កំពុងរស់នៅក្រោយភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា
ប្រជាជនប៉ាឡេស្ទីនជាង ២,១៥ លាននាក់ដែលភៀសខ្លួនចេញកំពុងរស់នៅក្នុងស្ថានភាពអស់សង្ឃឹមនៅទូទាំងតំបន់ហ្កាហ្សា ដោយមានប្រជាជនជាង ៨៦៧.០០០នាក់កំពុងរស់នៅក្នុងតង់បណ្តោះអាសន្នដែលមិនសមរម្យ និងភាពភ័យខ្លាច។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអាជ្ញាធរតំបន់ហ្កាហ្សា បានព្រមានកាលពីថ្ងៃចន្ទអំពីមហន្តរាយមនុស្សធម៌ដ៏ធំធេង ខណៈរដូវរងាជិតចូលមកដល់ ដោយនិយាយថាកុមារជាងកន្លះលាននាក់ស្ថិតក្នុងចំណោមអ្នកដែលរស់នៅក្នុងតង់។
ការិយាល័យបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើអាជ្ញាធរអ៊ីស្រាអែលដើម្បីអនុញ្ញាតឱ្យមានដំណើរការចូលជាបន្ទាន់នូវតង់ដែលធន់នឹងអាកាសធាតុ សម្ភារៈការពារកម្តៅ និងសម្ភារៈសម្រាប់ទីជម្រកផ្សេងទៀតចូលទៅក្នុងតំបន់ដែលត្រូវបានហ៊ុមព័ទ្ធមួយនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា «ស្ថានភាពគឺហួសពីភាពធ្ងន់ធ្ងរទៅទៀត» ដោយជំរុញឱ្យមានការយកចេញកម្ទេចកម្ទី ស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ និងការពារប្រជាជនដែលងាយរងគ្រោះបំផុត។
ការអំពាវនាវនេះធ្វើឡើងនៅពេលដែលភ្នាក់ងារផ្តល់ជំនួយបានព្រមានដដែលៗថា ប្រជាជនតំបន់ហ្កាហ្សាប្រឈមនឹងកង្វះអាហារ ទឹក និងការថែទាំសុខភាពធ្ងន់ធ្ងរ ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែលដែលនៅកំពុងបន្ត៕