ព័ត៌មានអន្តរជាតិ

ហ្វីលីពីនប្រកាសបិទសាលារៀន ក្រោយទឹកជំនន់ខ្លាំង ខណៈមនុស្សជិត៣០នាក់ស្លាប់

Published

on

49 Views

រដ្ឋាភិបាលហ្វីលីពីនកាលពីថ្ងៃទី១៧ខែសីហានេះ បានប្រកាសផ្អាកថ្នាក់រៀនផ្ទាល់នៅក្នុងទីក្រុងម៉ានីល និងខេត្តចំនួន១២ផ្សេងទៀត ខណៈភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិក និងខ្យល់មូសុងនិរតី បានបន្តបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅទូទាំងប្រទេស ។

យោងតាមការិយាល័យការពារជនស៊ីវិល (OCD)របស់ហ្វីលីពីន យ៉ាងហោចណាស់មានទីក្រុង និងទីប្រជុំជនចំនួន៥០ បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយ ដោយខេត្ត Pampanga និងខេត្ត Cavite បានដាក់ក្រុងទាំងអស់របស់ខ្លួននៅក្រោមស្ថានភាពគ្រាអាសន្ន។

ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅទូទាំងប្រទេសហ្វីលីពីន។

ស្ថិតិការិយាល័យការពារជនស៊ីវិល បានបង្ហាញថា មនុស្សប្រហែល ៥,៨លាននាក់នៅក្នុងតំបន់ចំនួន១០ នៅទូទាំងប្រទេសហ្វីលីពីន បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិក និងភ្លៀងមូសុង។

ការិយាល័យការពារជនស៊ីវិលខាងលើ បានបន្តថា មនុស្សប្រហែល ១,៤៥លានគ្រួសារបានរងផលប៉ះពាល់ ខណៈមនុស្ស ២៤.៨៩៣នាក់ បានស្វែងរកជម្រកនៅមជ្ឈមណ្ឌលជម្លៀសចំនួន ៥២៣កន្លែង។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានផ្តល់ជំនួយចំនួន ៧៣៤,១លានប៉េសូ ប្រហែល ១១,៩៣លានដុល្លារអាមេរិក ជួយដល់ប្រជាជនដែលរងផលប៉ះពាល់ ។

ប្រភពដដែលនិយាយថា អាកាសធាតុអាក្រក់នេះបានបណ្តាលឱ្យមនុស្ស២៧ នាក់ស្លាប់១៧នាក់រងរបួស និងម្នាក់បាត់ខ្លួន។ គិតត្រឹមថ្ងៃទី១៧សីហា គ្រោះមហន្តរាយទាំងនេះក៏បានធ្វើឱ្យខូចខាតផ្ទះសម្បែងចំនួន១.៨៦៣ខ្នងផងដែរ រួមទាំងផ្ទះចំនួន១៨២ ខ្នងដែលត្រូវបានបំផ្លាញទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *

two × two =

ពេញនិយម

Exit mobile version