ព័ត៌មានទូទៅ
ជើងខ្លាំងគុនខ្មែរ ៥ រូបនឹងទៅអង្រួនសង្វៀនលំដាប់ពិភពលោក នៅប្រទេសជប៉ុន
កីឡាករគុនខ្មែរ ៥ រូបនឹងចេញទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិក្នុងប្រទេសជប៉ុននាខែកញ្ញាខាងមុខនេះ ដែលជាឱកាសដ៏កម្រក្នុងការផ្សព្វផ្សាយសិល្បៈគុនខ្មែរ និងវប្បធម៌ជាតិ ជាពិសេសចាប់យកឱកាសទីផ្សារប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។
ជើងខ្លាំងគុនខ្មែរទាំង៥រូបនោះរួមមាន លន បញ្ញា និង ធន់ ម៉េងហុង ទទួលបានឱកាសជាលើកដំបូងក្នុងការប្រកួតនៅសង្វៀនឃីកបុកស៊ីងលំដាប់ពិភពលោក K-1 ចំឡែកកីឡាករ ម៉ឺន មេឃា អេ អាំម៉ារីនភូថង និង គោរមៈ ច័ន្ទរាជ ត្រូវចេញទៅប្រកួតនៅសង្វៀន Knock Out ក្នុងខែជាមួយគ្នា។
សម្រាប់សង្វៀន Knock Out នឹងរៀបចំការប្រកួតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៦ ដែលអ្នកលេងគុនខ្មែរ ម៉ឺន មេឃា ត្រូវតទល់នឹងកីឡាករ Rikito ក្នុងទម្ងន់ ៦៤គីឡូក្រាម ខណៈ អេ អាំម៉ារីនភូថង ត្រូវប្រកួតជាមួយកីឡាករ Hikaru Terashima ក្នុងទម្ងន់ ៦៦គីឡូក្រាម និងកីឡាករវ័យក្មេង គោរមៈ ច័ន្ទរាជ ត្រូវប្រកួតជាមួយកីឡាករ Leona Pettas ក្នុងទម្ងន់ ៦១គីឡូក្រាម។
ដោយឡែករំលងតែ ៧ ថ្ងៃក្រោយ នៅសង្វៀន K-1 កីឡាករ លន បញ្ញា ត្រូវប្រឈមមុខនឹងកីឡាករជប៉ុនកាត់ហ្វីលីពីន Kazuki Matsumoto វគ្គជម្រុះខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកទម្ងន់ ៧០ គីឡូក្រាម (K-1 WORLD MAX) ខណៈ ធន់ ម៉េងហុង ត្រូវជួបជើងខ្លាំងជប៉ុន Tomoya Yokoyama ដើម្បីដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក K-1 ទម្ងន់ ៦០ គីឡូក្រាម នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦៕