ចំណេះដឹងទូទៅ
បទវិភាគ៖ រួមគ្នាស្វែងរកឫសគល់និងលុប់បំបាត់ ការរបៀតបៀន(ការប៊ូលី) នៅក្នុងគ្រួសារ សាលារៀន និងសហគមន៍
អំពើបៀតបៀនឬការគំរាមកំហែង ដែលគេនិយមហៅថា ប៊ូលី (Bullying) គឺជាអាកប្បកិរិយា ឬសកម្មភាពអាក្រក់ដែលធ្វើឡើងដោយចេតនា ក្នុងគោលបំណងបង្កការឈឺចាប់ ធ្វើបាប បំភិតបំភ័យ ឬដាក់សម្ពាធទៅលើអ្នកដទៃ ជាពិសេស លើកុមារឬជនងាយរងគ្រោះក្នុងស្ថានភាពដែលជនរងគ្រោះមានការលំបាកក្នុងការការពារខ្លួន។ ក្នុងបរិបទសង្គមនិងការអប់រំ ពាក្យទាំងនេះត្រូវបានប្រើប្រាស់ក្នុងន័យផ្សេងៗគ្នា។ ប៊ូលី អាចសំដៅដល់ការបៀតបៀនឬការធ្វើបាប ជាពាក្យទូទៅដែលត្រូវបានប្រើប្រាស់ច្រើនបំផុត ដើម្បីបង្ហាញពីអំពើឈ្លានពានលើអ្នកដទៃ។ហើយវាក៏សំដៅដល់ ការគំរាមកំហែងដែរ គេអាចប្រើប្រាស់បានក្នុងករណីដែលអំពើបៀតបៀននោះមានលក្ខណៈគំរាមយកឈ្នះ ឬបំភិតបំភ័យ។
អំពើនេះអាចកើតមានឡើងក្នុងទម្រង់ជាច្រើន ដូចជា ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងមើលងាយ ការប្រើអំពើហិង្សារាងកាយដូចជាការវាយដំ និងជំរុញទាញ ព្រមទាំងការបៀតបៀនតាមប្រព័ន្ធឌីជីថល (Cyberbullying) តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត ឬផ្ញើសារគំរាមកំហែងជាដើម។
ការប៊ូលីឬអំពើឈ្លានពាននិងគំរាមកំហែងលើកុមារ មិនមែនគ្រាន់តែជាជម្លោះក្មេងៗ ឬជាអាកប្បកិរិយាធម្មតាដែលនឹងរលាយបាត់ទៅតាមពេលវេលានោះទេ ប៉ុន្តែវាគឺជា«ពិសពុលរ៉ាំរ៉ៃ» ដែលជ្រាបចូលទៅបំផ្លាញឫសគល់នៃការលូតលាស់របស់មនុស្ស។ នៅពេលកុមារម្នាក់ត្រូវរងគ្រោះដោយការប៊ូលី ឥទ្ធិពលអាក្រក់របស់វាមិនត្រឹមតែបង្កឱ្យមានការឈឺចាប់ផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតជាស្រមោលអន្ធការគ្របដណ្តប់លើជីវិតកុមារស្ទើរតែទាំងស្រុង។ ការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីបាតុភូតនេះ តម្រូវឱ្យយើងពិនិត្យមើលបរិយាកាសចម្បងទាំងបីដែលកុមាររស់នៅ គឺគ្រួសារ សាលារៀន និងសហគមន៍ ដោយឆ្លុះបញ្ចាំងតាមមុំចិត្តវិទ្យា ទស្សនវិជ្ជា សិទ្ធិមនុស្ស និងសិទ្ធិកុមារ ដើម្បីស្វែងរកផ្លូវចេញប្រកបដោយចីរភាព។
ក្នុងបរិបទគ្រួសារ ដែលគួរតែជាជម្រកមានសុវត្ថិភាពបំផុតសម្រាប់កុមារ ជារឿយៗប្រែជាកន្លែងដំបូងបង្អស់ដែលចាប់ផ្តើមការប៊ូលីតាមរយៈការប្រើអំពើហិង្សា ការជេរប្រមាថ ការប្រៀបធៀប ឬការដាក់សម្ពាធផ្លូវចិត្តពីឪពុកម្តាយ បងប្អូន ឬសាច់ញាតិ។ តាមទស្សនៈចិត្តវិទ្យា អាកប្បកិរិយាបែបនេះ បំផ្លាញទំនុកចិត្តបុគ្គល និងបង្កើតជាភាពតានតឹងរ៉ាំរ៉ៃ ព្រមទាំងបំផ្លាញទំនាក់ទំនងល្អ ដែលធ្វើឱ្យកុមារធំធាត់ឡើងជាមួយក្តីភ័យខ្លាច និងខ្វះភាពក្លាហាន។ ផ្អែកលើទស្សនវិជ្ជាអត្ថិភាពនិយម ការប៊ូលីក្នុងគ្រួសារបានបង្រួមតម្លៃរបស់កុមារឱ្យទៅជាត្រឹមតែ «វត្ថុ» ឬ «ឧបករណ៍» សម្រាប់បំពេញចិត្តអ្នកដទៃ ដែលធ្វើឱ្យពួកគេបាត់បង់អត្ថន័យនៃជីវិត និងភាពជាម្ចាស់លើខ្លួនឯង។ ទន្ទឹមនឹងនេះ ឥរិយាបថបែបនេះរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ត្រង់មាត្រាទី១៩ ដែលតម្រូវឱ្យរដ្ឋ និងអាណាព្យាបាលការពារកុមារពីគ្រប់ទម្រង់នៃការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត។
ឈានដល់បរិយាកាសសាលារៀន ដែលជាកន្លែងបណ្តុះបណ្តាលចំណេះដឹង និងសង្គមភាវូបនីយកម្ម ការប៊ូលី អាចស្តែងឡើងតាមរយៈការបង្អាប់ ការរើសអើង ការវាយតប់ ឬការគំរាមកំហែងលើបណ្តាញសង្គម។ ផ្នែកចិត្តវិទ្យាបង្ហាញថា កុមារដែលរងគ្រោះនៅសាលារៀនតែងប្រឈមនឹងជំងឺបាក់ទឹកចិត្ត ភាពតក់ស្លុត ការធ្លាក់ចុះសមិទ្ធផលសិក្សា និងក្នុងករណីធ្ងន់ធ្ងរអាចឈានទៅដល់ការគិតចង់បញ្ចប់ជីវិតខ្លួនឯង។ ប្រសិនបើយើងពិនិត្យតាមក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ទស្សនវិទូ អ៊ីម៉ានុយអែលខាន់(Immanuel Kant) មនុស្សគ្រប់រូបមាន «សេចក្តីថ្លៃថ្នូរ» ដែលមិនអាចកាត់ថ្លៃបាន ដូច្នេះការប៊ូលីនៅសាលារៀនគឺជាការប្រព្រឹត្តចំពោះកុមារក្នុងនាមជា «មធ្យោបាយ» ដើម្បីស្វែងរកអំណាច ឬភាពសប្បាយរីករាយរបស់អ្នកដទៃតែប៉ុណ្ណោះ។ សកម្មភាពទាំងនេះជាន់ឈ្លីដោយផ្ទាល់លើសិទ្ធិទទួលបានការអប់រំក្នុងបរិយាកាសសុវត្ថិភាព និងសិទ្ធិត្រូវបានការការពារពីការប្រមាថមើលងាយ ដូចដែលមានចែងក្នុងមាត្រាទី២៨ និងទី២៩ នៃអនុសញ្ញាសិទ្ធិកុមារ។
ចំពោះកម្រិតសហគមន៍ ការប៊ូលីកើតឡើងតាមរយៈការរើសអើងជាតសាសន៍ ឋានៈសង្គម រូបរាងកាយ ឬពិការភាព ដែលធ្វើឱ្យកុមារមានអារម្មណ៍ថាខ្លួនជាមនុស្សក្រៅសង្គម បាត់បង់ជំនឿចិត្តលើមនុស្សជុំវិញខ្លួន និងអាចបង្កើតជា «វដ្តចងគំនុំ» ដោយប្រែក្លាយកុមាររងគ្រោះឱ្យទៅជាអ្នកប៊ូលីអ្នកដទៃវិញនាពេលអនាគត។ តាមទស្សនៈទស្សនវិជ្ជាសហគមន៍និយម (Communitarianism) សង្គមមួយដែលមិនអាចការពារកុមារបាន គឺសង្គមដែលកំពុងចុះខ្សោយតម្លៃសីលធម៌រួម ពីព្រោះដូចពាក្យស្លោកបុរាណមួយពោលថា «ក្មេងម្នាក់ត្រូវការភូមិទាំងមូលដើម្បីចិញ្ចឹមបីបាច់» ប្រសិនបើភូមិនោះបណ្តោយឱ្យមានអំពើហិង្សា នោះសហគមន៍នោះកំពុងបំផ្លាញអនាគតរបស់ខ្លួនឯង។ ការបណ្តែតបណ្តោយឱ្យមានការប៊ូលីក្នុងសហគមន៍ រំលោភលើគោលការណ៍គ្រឹះនៃសិទ្ធិមនុស្ស និងមាត្រាទី២ នៃអនុសញ្ញាសិទ្ធិកុមារ ដែលធានាថា កុមារគ្រប់រូបត្រូវទទួលបានសមភាព និងការការពារដោយគ្មានការរើសអើងណាមួយឡើយ។
ដើម្បីលុបបំបាត់ដំបៅមហារីកសង្គមមួយនេះ យើងត្រូវការដំណោះស្រាយជាប្រព័ន្ធ និងមានចីរភាពដែលផ្តើមចេញពីគ្រប់កម្រិត។ នៅក្នុងគ្រួសារ ឪពុកម្តាយត្រូវផ្លាស់ប្តូរការអប់រំដោយឈរលើការយល់ចិត្ត បង្កើតវប្បធម៌ស្តាប់កូនៗដោយគ្មានការវិនិច្ឆ័យ បញ្ឈប់ការប្រើអំពើហិង្សា និងការប្រៀបធៀបកូនជាមួយអ្នកដទៃ។ នៅកម្រិតសាលារៀន ត្រូវដាក់ចេញនូវ«គោលនយោបាយអត់ឱនកម្រិតសូន្យ» (Zero Tolerance Policy) ចំពោះអំពើប៊ូលីគ្រប់ទម្រង់ បញ្ចូលការអប់រំសុខុមាលភាពផ្លូវចិត្ត និងបង្កើតប្រព័ន្ធប្រឹក្សាយោបល់ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពសម្រាប់សិស្ស។ ដោយឡែកសម្រាប់សហគមន៍ និងអាជ្ញាធររដ្ឋ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយអប់រំសាធារណៈដើម្បីផ្លាស់ប្តូរផ្នត់គំនិតសង្គម ព្រមទាំងពង្រឹងការអនុវត្តច្បាប់ការពារកុមារឱ្យមានប្រសិទ្ធភាព។
ជាការសន្និដ្ឋាន ការប៊ូលីមិនមែនជារឿងធម្មតាដែលកុមារត្រូវទ្រាំទ្រនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចសីលធម៌ និងសិទ្ធិមនុស្សរបស់យើងទាំងអស់គ្នា ក្នុងការធានាថាកុមារគ្រប់រូបបានធំធាត់ឡើងក្នុងបរិយាកាសដែលពោរពេញដោយក្តីស្រឡាញ់ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពបំផុត៕
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា