ព័ត៌មានអន្តរជាតិ
ថៃគ្រោងលុបចោលគម្រោងស្ពានដីគោកតម្លៃជិត ៣០ ប៊ីលានដុល្លារ ក្រោយរកឃើញថា «គ្មានប្រយោជន៍»
រដ្ឋាភិបាលថៃគ្រោងលុបចោលគម្រោងស្ពានដីគោក ស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានតម្លៃប្រមាណ ១ ទ្រីលានបាត ឬជិត ៣០ ប៊ីលានដុល្លារ បន្ទាប់ពីការសិក្សាថ្មីរបស់រដ្ឋាភិបាលបានរកឃើញថា គម្រោងនេះលែងមានភាពសមស្របផ្នែកសេដ្ឋកិច្ច ហើយអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានឱ្យដឹងកាលពីសប្ដាហ៍មុនថា គណៈកម្មាធិការរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យបញ្ចប់គម្រោងនេះ បន្ទាប់ពីការវាយតម្លៃថ្មីបង្ហាញថា គម្រោងនឹងមិនអាចរកប្រាក់ចំណេញបាន ខុសពីការសិក្សាកន្លងមកដែលធ្លាប់ព្យាករថា នឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។
គម្រោងស្ពានដីគោកថៃ មានគោលបំណងសាងសង់កំពង់ផែសមុទ្រនៅឆ្នេរសមុទ្រខាងឈូងសមុទ្រថៃ និងឆ្នេរសមុទ្រអែនដាម៉េន ដោយតភ្ជាប់គ្នាតាមផ្លូវដែក និងផ្លូវថ្នល់ប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញរវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា នៅចន្លោះម៉ាឡេស៊ី និងឥណ្ដូណេស៊ី។
កាលពីដើមឆ្នាំនេះ គម្រោងនេះបានទាក់ទាញការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីភាពតានតឹងនៅច្រកសមុទ្រហ័រមូហ្ស បានបង្ហាញពីហានិភ័យនៃការពឹងផ្អែកលើផ្លូវដឹកជញ្ជូនសមុទ្រសំខាន់ៗរបស់ពិភពលោក។ នៅខែមេសា រដ្ឋាភិបាលថៃក៏ធ្លាប់ប្រកាសថា នឹងពន្លឿនការអនុវត្តគម្រោងនេះផងដែរ។
ទោះជាយ៉ាងណា ការសិក្សាចុងក្រោយបានបង្ហាញថា អត្រាផលចំណេញដែលរំពឹងទុកពីគម្រោងបានធ្លាក់ចុះមកនៅត្រឹម ៤,៨% ពី ៨% ខណៈបរិមាណទំនិញដែលរំពឹងថានឹងឆ្លងកាត់គម្រោង ក៏ត្រូវបានកែសម្រួលឱ្យថយចុះរហូតដល់ ១៦%។
អ្នកជំនាញក៏បានលើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូនធំៗភាគច្រើនរបស់ពិភពលោក បានវិនិយោគលើគម្រោងប្រកួតប្រជែងផ្សេងៗរួចហើយ ដែលធ្វើឱ្យគម្រោងស្ពានដីគោករបស់ថៃទាក់ទាញការវិនិយោគបានតិចជាងការរំពឹងទុក។
បន្ថែមពីនោះ វាអាចប៉ះពាល់ដល់តំបន់អភិរក្សធម្មជាតិ និងតំបន់ទេសចរណ៍សមុទ្រសំខាន់ៗ នៅខេត្ត Ranong ដែលជាហេតុផលមួយទៀតដែលនាំឱ្យរដ្ឋាភិបាលពិចារណាលុបចោលគម្រោង។
គូសបញ្ជាក់ថា សំណើលុបចោលគម្រោងនេះ នឹងត្រូវដាក់ជូននាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាផ្លូវការ៕