ព័ត៌មានអន្តរជាតិ

៤១ប្រទេស ជំរុញឱ្យមហា​អំណាចនុយ​ក្លេអ៊ែរ ជូនដំណឹង​២៤ម៉ោង​មុនបាញ់​សាកល្បង

Published

on

51 Views

៤១ប្រទេស ​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក ជប៉ុន​ កាណាដា​ អាល្លឺម៉ង់ ​និង​ហ្វីលីពីន​​ជា​ដើម ​បាន​អំពាវនាវ​ឱ្យ​​ប្រទេសដែល​​មាន​អាវុធ​នុយក្លេអ៊ែរ​​គោរព​​​នូវ​ពិធីសារ​ជូន​ដំណឹង​​ជាមុន​យ៉ាង​​តឹងរ៉ឹង​ ​សម្រាប់​ការសាកល្បង​​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយឆ្ងាយ ដោយ​ព្រមាន​ថា ការបាញ់​​បង្ហោះ​​ដោយ​​មិន​បាន​ប្រកាស​ជាមុន​ ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់​ និង​សន្តិសុខ​ពិភពលោក​។ នេះបើយោង​តាម​សារព័ត៌មាន Middle East Monitor ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ២០២៦នេះ។

សេចក្តីថ្លែងការណ៍​រួម​​មួយ​ថ្លែង​​ក្នុង​សន្និសីទ​ស្តីពី​​ការរំសាយ​អាវុធ​​នៅ​​ទីក្រុង​ហ្សឺណែវ និង​ចេញផ្សាយ​​ដោយ​បេសកកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​អន្តរជាតិ​​ ប្រទេស​ហត្ថលេខី​​បាន​គូស​បញ្ជាក់​ពី​ក្តីបារម្ភ​​កាន់តែខ្លាំងឡើង​ ​ជុំវិញ​ការរីក​សាយ​អាវុធ​មីស៊ីល និង​​បាន​​ជំរុញ​ឱ្យ​​ប្រកាន់ខ្ជាប់​​នូវ​យន្ត​ការ​​តម្លាភាព ជាពិសេស​​ក្រមប្រតិបត្តិ​ទីក្រុង​ឡាអេ​ប្រឆាំង​​នឹង​ការរីកសាយ​អាវុធ​មីស៊ីល​បាលីស្ទិក(HCOC)។

សេចក្តី​ថ្លែង​ការណ៍នោះលើកឡើងថា «ការ​ធ្វើ​តេស្ត​មីស៊ីល​បាលីស្ទិក​ ​ដែល​​មាន​សមត្ថភាព​នុយក្លេអ៊ែរ​​ដោយ​គ្មាន​ការជូនដំណឹង​​ជាមុន និង​​ព័ត៌មាន​លម្អិត​គ្រប់គ្រាន់​​គឺ​មាន​គ្រោះថ្នាក់ ​រំខាន​ដល់​​សន្តិភាព និង​សន្តិសុខ​របស់​​ប្រទេស​ពាក់ព័ន្ធ​ ​​​នៅ​ជិត​ការសាកល្បង​​ទាំងនោះ​»។ ដោយបន្ថែមថា ការខកខានមិន​អនុវត្តតាមការអនុវត្តស្តង់ដារ​នៃការដោះស្រាយជម្លោះ បង្កើនហានិភ័យនៃការ​គណនាខុស និងធ្វើ​ឱ្យ​ប៉ះពាល់ដល់ស្ថិរភាព​ពិភពលោក។

សេចក្តីថ្លែងការណ៍នេះ​ធ្វើឡើង​បន្ទាប់ពីប្រទេសចិននិយាយកាល​ពីខែមុន​ថា ខ្លួនបានធ្វើការសាកល្បង​បាញ់មីស៊ីលយុទ្ធសាស្ត្រ​ពីនាវាមុជទឹកនុយក្លេអ៊ែរ​ដោយជោគជ័យ ប៉ុន្មានម៉ោង​ បន្ទាប់ពី​ខ្លួន​ជូនដំណឹងដល់​ប្រទេសប៉ាស៊ីហ្វិក​ជាច្រើន​អំពីការសាកល្បងគ្រោងទុក។

​ការ​បាញ់​នេះ​ បានសម្គាល់ការសាកល្បងមីស៊ីល​យុទ្ធសាស្ត្រលើក​ទីពីរ​របស់ប្រទេសចិន​ ចាប់តាំងពីបាញ់មីស៊ីលផ្លោង​អន្តរទ្វីប (ICBM) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ក្នុងខែកញ្ញា ឆ្នាំ២០២៤ ដែល​ជាការ​សាកល្បងលើកដំបូង​ ចាប់តាំងពីឆ្នាំ១៩៨០​ ។

បើទោះបីជាយ៉ាងណាក៏ដោយ ប្រទេសហត្ថលេខី​បាន​ជំរុញ​ ជាពិសេសដល់រដ្ឋមានអាវុធនុយក្លេ​អ៊ែរដែលបាញ់មីស៊ីលផ្លោងអន្តរទ្វីប(ICBM) មីស៊ីល​ផ្លោងបាញ់ចេញពីនាវាមុជទឹក(SLBM) និងយាន​អវកាស (SLV) ឱ្យចេញ​ការជូនដំណឹងយ៉ាងហោច​ណាស់ ២៤ ម៉ោង​ជាមុន៕

Leave a Reply

Your email address will not be published. Required fields are marked *

fourteen − 3 =

ពេញនិយម

Exit mobile version