ព័ត៌មានទូទៅ

ជប៉ុនផ្ដល់កម្ចីបន្ថែម ១១៤លានដុល្លារ សម្រាប់អភិវឌ្ឍកំពង់ផែកុងតឺន័រព្រះសីហនុ

Published

on

95 Views

រដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីបន្ថែម ១៧ ៧៧៦លានយ៉េន ស្មើនឹង ១១៤លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ក្រុងព្រះសីហនុ ដើម្បីបង្កើតសមត្ថភាពលើកដាក់ទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការប្រគួតប្រជែងប្រកបដោយចីរភាព ដែលស្ថិតនៅទីតាំងដីនៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តនេះ គឺស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕

យោងតាមក្រសួងសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនេះ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែប្រវែង ៣៥០ម៉ែត្រ លើជម្រៅទឹក ១៤,៥ម៉ែត្រ ផ្គត់ផ្គង់គ្រឿងចក្រលើកដាក់កុងតឺន័រ និងសង់អគារជួសជុល និងថែទាំ។ ក្នុងគោលបំណងបង្កើនសមត្ថភាពលើកដាក់ទំនិញនៃកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិដំបូងបង្អស់របស់កម្ពុជា និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាញភស្តុភារកម្មកម្ពុជាផងដែរ។

តាមការគ្រោងទុក គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រួលពាណិជ្ជកម្ម បង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ 

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ដំណាក់កាល គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។ គម្រោងនេះអនុវត្ត ដើម្បីបង្កើនសមត្ថភាពផែកុងតឺន័រ ដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៦០ ០០០DWT (១៥ ០០០TEUs) ចេញ-ចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

20 − 8 =

ពេញនិយម

Exit mobile version