ព័ត៌មានទូទៅ

គ្រោះថ្នាក់ចរាចរណ៍កើនឡើង ឆក់យកជីវិតមនុស្សជិត៨០០នាក់ ត្រឹមតែ៦ខែឆ្នាំនេះ

Published

on

75 Views

ត្រឹមតែរយៈពេល៦ខែ ក្នុងឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១ ២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១ ៩៤៤នាក់។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង ២១៣ករណី ស្មើ២០% ដោយចំនួនអ្នកស្លាប់កើន ៧៩នាក់ ស្មើ ១១% និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

តាមរបាយការណ៍ក្នុងចំណោមករណីគ្រោះថ្នាក់ទាំងនោះ បានបង្កឡើងដោយការបើកបរល្មើសល្បឿន មាន៤៦% មិនគោរពសិទ្ធិ ២២% មិនប្រកាន់ស្តាំ ១២% ប្រជែងគ្រោះថ្នាក់ ៧% បត់មិនប្រយ័ត្ន ៦% ស្រវឹង ៤% មិនគោរពសញ្ញាចរាចរណ៍ ២% និងកត្តាយានយន្ត១%។

បើតាមរបាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺអ្នកជិះម៉ូតូមានរហូតដល់ ៨០% ដែលក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៦៣% ខណៈគ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅភ្នំពេញ ដែលមានចំនួន ៤៦១លើក ខេត្តព្រះសីហនុ ៩២លើក ខេត្តកណ្តាល ៧៥លើក ខេត្តកំពង់ស្ពឺ ៥៧លើក និងខេត្តស្វាយរៀង ៥៥លើក។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ ដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ ក្រោយពីសមត្ថកិច្ចមិនបានអនុវត្តច្បាប់មួយរយៈ។

យ៉ាងណាក៏ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពតាមការស្នើសុំរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញនេះ អនុវត្តតែនៅក្នុងភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេតែប៉ុណ្ណោះ ពោលគឺនៅភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង៕

Leave a Reply

Your email address will not be published. Required fields are marked *

ten + seventeen =

ពេញនិយម

Exit mobile version