ព័ត៌មានអន្តរជាតិ

វៀត​ណាម ចាប់ផ្តើមសាង​សង់នាវា​ចម្បាំង​ទំនើបបំផុត​ដោយខ្លួន​ឯង​ សម្រាប់​​ប្រឆាំង​នាវាមុជ​ទឹក​

Published

on

63 Views

ប្រទេស​វៀតណាម​​បាន​ចាប់ផ្តើម​​សាងសង់​នាវាចម្បាំង​​ប្រឆាំង​នាវាមុជទឹក​​ផលិត​ក្នុង​ស្រុក​ធំ​បំផុត ​និង​ទំនើប​បំផុត​​ប្រចាំ​ប្រទេស​។ នេះ​បើយោង​តាម​កាសែត​​យោធា​​ Quan Doi Nhan Dan ​​របស់​វៀត​ណាម​​ នៅ​ថ្ងៃ​ទី​១១ ខែ​សីហានេះ។

តាម​រាយការណ៍​ នាវាចម្បាំង​​ទាំង​នោះ​​កំពុង​​សាង​សង់​​នៅ​​កន្លែង​ផលិត​​នាវា Song Thu របស់​ក្រសួងការពារជាតិ​​ក្នុង​​ទីក្រុង Danang ​​រួម​​​ទាំង​​​អាវុធ និង​ឧបករណ៍​​យោធា​​​ជា​ច្រើន​ទៀត​ត្រូវ​បាន​​អភិវឌ្ឍ ​និង​​ផ្គុំ​​​ផង​ដែរ ។

ប្រទេសវៀត​ណាម ​បាន​ជាប់ពាក់ព័ន្ធក្នុងជម្លោះ​ដែនសមុទ្រជាមួយ​ប្រទេសចិន​ជាយូរមកហើយ និង​កំពុង​ស្វេង​រកការពង្រីកសមត្ថភាព​ផលិត​ផល​​ការពារ​ជាតិក្នុងស្រុក​ ខណៈ​កាត់បន្ថយការ​ពឹងផ្អែកលើ​សម្ភារៈ​យោធា​នាំចូល​​ពី​ប្រទេសរុស្ស៊ី​​​​។

យោងតាមសេចក្តីថ្លែង​ការណ៍របស់​រដ្ឋាភិបាល គម្រោងនេះគូស​បញ្ជាក់ពីគោលនយោបាយរបស់វៀតណាម​ក្នុងការអភិវឌ្ឍ​ឧស្សាហ​កម្មការពារជាតិ​ស្វយ័ត ពឹងផ្អែកលើខ្លួនឯង ពង្រឹង ប្រើប្រាស់​បាន​ និងទំនើប។

មិន​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុនទូរ​គមនាគមន៍ និងបច្ចេកវិទ្យា Viettel គ្រប់គ្រងដោយ​​យោធា ​រួមជាមួយអង្គភាពស្រាវជ្រាវ និងផលិតការពារ​ជាតិផ្សេងទៀត នឹង​ធ្វើការយ៉ាងជិតស្និទ្ធជាមួយកង​ទ័ពជើងទឹក និង​​ក្រុម​ហ៊ុន​សម្ភារៈ​ការពារ​ជាតិ​ ​​Song Thu អំឡុងពេល​សាងសង់នាវា រួមទាំងការអភិវឌ្ឍ និងការ​ដំឡើង​អាវុធ និងឧបករណ៍ផងដែរ។

កងទ័ពជើងទឹកវៀតណាមបាន​ឆ្លងកាត់ការ​ជំរុញទំនើបកម្ម​ដ៏សំខាន់​មួយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ជាមួយនឹងការទិញ​នាវាមុជទឹក​ថ្នាក់ Kilo និងនាវាចម្បាំងថ្នាក់ Gepard ផលិតដោយ​រុស្ស៊ី រួម​ទាំង​​កងនាវា​ទូកមីស៊ីល និងនាវាល្បាត​ផលិតក្នុងស្រុក​កាន់តែ​ច្រើន​។

គួរ​បញ្ជាក់​ថា វៀតណាមគ្រោងនឹង​ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ការពារជាតិ​អន្តរជាតិវៀត​ណាមនៅទីក្រុងហាណូយ​ក្នុងខែធ្នូ ដែល​ជាព្រឹត្តិការណ៍លើកទី៣ នៃ​ព្រឹត្តិការណ៍ពីរឆ្នាំម្តង ខណៈ​ប្រទេស​នេះ​កំពុងស្វែងរកការជំរុញ​ផលិតកម្មការពារជាតិក្នុងស្រុក និងធ្វើពិពិធកម្មប្រភពឧបករណ៍យោធា​៕

Leave a Reply

Your email address will not be published. Required fields are marked *

16 − three =

ពេញនិយម

Exit mobile version