ព័ត៌មានអន្តរជាតិ
ផ្អើលប៉ូលីសថៃ! សិស្សម្នាក់គំរាមបាញ់សម្លាប់រង្គាលក្នុងសាលារៀន
ផ្អើលនៅថៃទៀតហើយ ដោយការបាញ់ប្រហារក្នុងសាលារៀន នៅខេត្ត Nonthaburi មិនទាន់កន្លងផុតទៅបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ ប៉ូលិសកំពុងប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់និងធានាសន្តិសុខ បន្ទាប់ពីមានការបែកធ្លាយសារគំរាម បើកការបាញ់ប្រហារសម្លាប់រង្គាល តែលើកនេះគឺនៅសាលា Montfort College ក្នុងខេត្តឈៀងម៉ៃ។
តាមការផ្សាយរបស់ទូរទស្សន៍ Amarin នៅថ្ងៃទី១១ ខែសីហានេះ តាមរូបភាពដែលគេ Screenshot ចេញពីការសន្ទនាក្នុងគ្រុប Chat មួយនៃកម្មវិធី Line ហើយចែកចាយ តៗគ្នាបានបង្ហាញពីការគំរាមរបស់សិស្សម្នាក់ថា៖ «នៅម៉ោង ១០:០០ព្រឹក ខ្ញុំនឹងបាញ់គ្រប់គ្នាក្នុងបន្ទប់លេខ៩ និងលេខ១០»។
ក្រោយការបែកធ្លាយសារនេះ ប៉ូលិសថៃ ក៏ដាក់ពង្រាយកម្លាំងនៅជុំវិញសាលាក្នុងស្រុក Mueang Chiang Mai ហើយឆែកឆេរពិនិត្យមើលគ្រប់កាបូបរបស់កូនសិស្ស ក្រែងលោរកឃើញអ្វីគួរឲ្យសង្ស័យ។
ជុំវិញរឿងនេះ សាលាក៏ប្រកាសដែរថា ពួកគេបានត្រៀមរួចជាស្រេច ក្នុងការអនុវត្តវិធានាការចាំបាច់នានា ដើម្បីធានាសុវត្ថិភាពគ្រូនិងសិស្ស ព្រមទាំងបុគ្គលិកសាលា ក្នុងករណីអាសន្នណាមួយ។
ការគំរាមនេះ កើតឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខេត្ត Nonthaburi មានការបាញ់ប្រហារ សម្លាប់មនុស្ស ៩នាក់នៅវិទ្យាល័យ Debsirin ក្នុងស្រុក Bang Kruai។ ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ គឺជាមនុស្សធុញទ្រាន់ការសិក្សា និងស្អប់គ្រូ ហើយក៏មិនសប្បាយចិត្តជាមួយជីដូនដែរ ដែលតឹងរ៉ឹងហួសហេតុ បង្ខំឲ្យរូបគេខំរៀនជ្រុលពេក។
ក្រោយមក សាលាមធ្យមសិក្សាមួយទៀត នៅភាគខាងត្បូងប្រទេសថៃ បានប្រកាសបិទទ្វារ ហើយតម្រូវឲ្យសិស្ស រៀនតាមអនឡាញវិញ បន្ទាប់ពីគ្រូបង្រៀនភាសាអង់គ្លេស បានគំរាមបាញ់ប្រហារ ដូចគ្នានេះ។
យ៉ាងណាក៏ដោយ នាយកសាលា Hatyaiwittayalai បានប្រកាសពីការបិទទ្វារនេះ ព្រោះតែ គ្រូបង្រៀនបរទេស ឈ្មោះ Pieter Johannes Dreyer សញ្ជាតិអាហ្វ្រិកខាងត្បូង បានបង្ហោះរូបភាពកាន់កាំភ្លើង និងផ្ញើសារជាសំឡេងនៅក្នុង Group Chat កម្មវិធី LINE ហើយរិះគន់ថ្នាក់ដឹកនាំសាលាចំៗ ដែលបានបញ្ចប់កិច្ចសន្យារបស់រូបគេ។ ដោយសារតែស្ថានការណ៍មិនស្រួល ថៃបានដាក់ពង្រាយកងកម្លាំង ល្បាតនៅជុំវិញសាលា និងសិស្សទាំងឡាយ ត្រូវតម្រូវឲ្យរៀនតាមអនឡាញវិញ រង់ចាំមានការធានាសន្តិសុខ ឲ្យបានពេញលេញសិន៕