ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញនូវជនភៀសខ្លួន ៥.០០០នាក់
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានសរសើរថានៅថ្ងៃទី១០ ខែសីហានេះថា សហភាពមីយ៉ាន់ម៉ាបានបង្ហាញពីឆន្ទៈ ក្នុងការទទួលយកវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់ ក្នុងនោះរួមមានទាំងសមាជិកមកពីក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ។
លោកថា បញ្ហានេះត្រូវបានពិភាក្សា ក្នុងអំឡុងពេលមានកិច្ចប្រជុំថ្មីៗរបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Tin Maung Swe។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama។
លោកបានសង្កត់ធ្ងន់ថា «នៅពេលដែលខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់សហភាពមីយ៉ាន់ម៉ា ពួកគេបានបង្ហាញពីការត្រៀមខ្លួន ក្នុងការនាំត្រឡប់ទៅវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់ តាមនាវា។ ប៉ុន្តែបញ្ហា គឺសុវត្ថិភាពរបស់មនុស្សទាំង ៥.០០០នាក់នោះ»។
លោកបានបន្ថែមថា បញ្ហាជនភៀសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ា មិនគួរត្រូវបានមើលតែទស្សនៈលើជនជាតិរ៉ូហ៊ីងយ៉ាតែមួយនោះទេ ព្រោះក្រុមជនជាតិភាគតិចដទៃទៀតមកពីប្រទេសនេះ ក៏បានក្លាយជាជនភៀសខ្លួនផងដែរ ក្នុងនោះរួមទាំងសហគមន៍ Chin និង Karen។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយកាលពីចុងខែកក្កដាថា សហភាពមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកវិញនូវក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៥.០០០នាក់ដំបូង ដែលកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការចរចាទ្វេភាគី៕