ចំណេះដឹងទូទៅ
វ៉ែនតាឆ្លាតវៃ ជាឧបករណ៍ដ៏អស្ចារ្យ ប៉ុន្តែជាសត្រូវប្រឡងបាក់ឌុប!
ឧបករណ៍ «វ៉ែនតាឆ្លាតវៃ» កំពុងទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាយ៉ាងខ្លាំង ជាពិសេសក្នុងរដូវកាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលក្រសួងអប់រំចេញបម្រាមហាមឃាត់ដាច់ខាតមិនឱ្យយកចូលមណ្ឌលប្រឡងឡើយ។ ប៉ុន្ដែម្សិលម៉ិញនេះ អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) បានរកឃើញវែនតាឆ្លាតវៃ នៅមណ្ឌលប្រឡងក្នុងខេត្តស្វាយរៀង។ តើវ៉ែនតាឆ្លាតវៃនេះ មានសមត្ថភាពអ្វីខ្លះទើបធ្វើឱ្យមានការហាមឃាត់បែបនេះ ហើយវាជះឥទ្ធិពលល្អ ឬអាក្រក់?
យោងតាមក្រុមហ៊ុន Meta វ៉ែនតាឆ្លាតវៃ គឺជាការបោះជំហានដ៏ធំមួយនៃបច្ចេកវិទ្យា។ បើមើលពីសំបកក្រៅ វាមានរូបរាងសាមញ្ញដូចវ៉ែនតាការពារពន្លឺព្រះអាទិត្យធម្មតា ឬវ៉ែនតាអានសៀវភៅទូទៅ ប៉ុន្តែវាត្រូវបានបង្កប់ដោយកាមេរ៉ាខ្នាតតូចដ៏ច្បាស់ដែលអាចថតរូប និងវីដេអូបានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើចុងម្រាមដៃប៉ះ ឬបញ្ជាតាមសំឡេង។
ជាងនេះទៅទៀត វ៉ែនតាឆ្លាតវៃស៊េរីថ្មីៗមានភ្ជាប់ជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលអាចឱ្យសិស្សគ្រាន់តែប្រើកាមេរ៉ាស្កេនមើលសំណួរ ឬសួរសំណួរដោយសំឡេងខ្សឹបៗ រួចប្រព័ន្ធ AI នោះនឹងអានចម្លើយប្រាប់មកវិញភ្លាមៗ ក្នុងរយៈពេលប៉ុន្មានវិនាទី។ ចំណែកឯវ៉ែនតាឆ្លាតវៃកម្រិតខ្ពស់មួយចំនួនទៀត ថែមទាំងមានបច្ចេកវិទ្យាបញ្ចាំងរូបភាព (AR Display) ដែលអាចបង្ហាញអក្សរចម្លើយនៅលើកញ្ចក់វ៉ែនតាផ្ទាល់តែម្តង ខណៈដែលអ្នកក្រៅមើលមកឃើញត្រឹមជាកញ្ចក់ថ្លាធម្មតា។
យ៉ាងណាក៏ដោយ ភាពទំនើបទាំងនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរសម្រាប់វិស័យអប់រំ ពិសេសភាពសុក្រឹតនៃការប្រឡង។ យោងតាមសេចក្តីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា វ៉ែនតាឆ្លាតវៃត្រូវបានចាត់ចូលជាឧបករណ៍បច្ចេកវិទ្យា ដែលហាមឃាត់ដាច់ខាតមិនឱ្យយកចូលបន្ទប់ប្រឡងបាក់ឌុបឡើយ។ ការបំពានបម្រាមនេះ នឹងនាំឱ្យបេក្ខជនប្រឈមមុខនឹងការធ្លាក់ជាស្វ័យប្រវត្តិ និងអាចមានទោសទណ្ឌផ្សេងៗទៀត។
យោងតាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងនៅថ្ងៃទី១០សីហានេះថា លោកសាកល្បងពាក់វ៉ែនតាឆ្លាតវៃ តែដូចជាមិនឆ្លាតជាងមុនសោះ។ វាអាចជួយយើងបាន ទាល់តែយើងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនយើងទើបបាន។
សរុបមក ក្នុងបរិបទនៃការប្រឡងបាក់ឌុបនៅកម្ពុជា បច្ចេកវិទ្យានេះគឺជាសត្រូវនៃភាពយុត្តិធម៌ និងតម្លាភាព។ ការហាមឃាត់ និងការរឹតបន្តឹងរបស់ក្រសួងអប់រំ គឺជារឿងដ៏ត្រឹមត្រូវបំផុត ដើម្បីការពារកុំឱ្យបច្ចេកវិទ្យាដ៏ទំនើបនេះប្រែក្លាយជាឧបករណ៍លួចចម្លង និងដើម្បីធានាថា ការប្រឡងប្រព្រឹត្តទៅដោយរលូន រក្សាបាននូវគោលការណ៍ «អ្នកចេះ គឺជាប់» យ៉ាងពិតប្រាកដ៕