ព័ត៌មានអន្តរជាតិ
សមាជិកសភាថៃត្រូវបានបណ្តេញចេញ បន្ទាប់ពីស្រែកទាមទារសន្តិភាពក្នុងអំឡុងពេលទស្សនកិច្ចសភារបស់លោក មីន អ៊ុងឡាំង
សមាជិកសភាគណបក្សប្រជាជនម្នាក់ត្រូវបានបណ្តេញចេញពីសភាថៃកាលពីថ្ងៃសុក្រ ទី៧ ខែសីហានេះ បន្ទាប់ពីស្រែកអំពាវនាវឱ្យមានសន្តិភាព និងសកម្មភាពមនុស្សធម៌ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។ សកម្មភាពនេះ បានបង្ករឱ្យកែវភ្នែកអន្តរជាតិយល់ឃើញពីរបៀបដែររដ្ឋាភិបាលថៃទទួលភ្ញៀវពិសេសចូលប្រទេសរបស់ខ្លួន ដែលបញ្ហាអសន្តិសុខអាចកើតឡើងគ្រប់ពេលវេលាសម្រាប់មេដឹកនាំ ក៏ដូចជាភ្ញៀវបរទេសសំខាន់ៗ។
ហេតុការណ៍នេះបានកើតឡើងនៅសភា ខណៈដែលប្រធានព្រឹទ្ធសភា លោក មង្គល ស៊ូរ៉ាសាចា ត្រូវបានគ្រោងនឹងស្វាគមន៍លោក មីន អ៊ុងឡាំង ដែលកំពុងបំពេញទស្សនកិច្ចប្រទេសថៃក្នុងនាមជាភ្ញៀវរបស់រដ្ឋាភិបាល។
មុនពេលពិធីស្វាគមន៍ចាប់ផ្តើម លោក អនុសន ថាមចៃ សមាជិកសភាទីក្រុងបាងកក បានមកដល់កន្លែងទទួលភ្ញៀវពិសេស ដើម្បីសង្កេតមើលព្រឹត្តិការណ៍នេះ និងរៀបចំដាក់លិខិតមួយតាមរយៈប្រធានព្រឹទ្ធសភាទៅកាន់មេដឹកនាំមីយ៉ាន់ម៉ា។ លិខិតនោះបានអំពាវនាវឱ្យមានសកម្មភាពបន្ទាន់លើបញ្ហាឆ្លងដែន និងការគាំទ្រសម្រាប់ការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅម៉ោងប្រហែល ១០:៥០នាទីព្រឹក នៅពេលដែលគណៈប្រតិភូរបស់លោក មីន អ៊ុងឡាំង បានមកដល់កន្លែងទទួលភ្ញៀវ លោក អនុសន បានស្រែកម្តងហើយម្តងទៀតថា «ដើម្បីសន្តិភាព ដើម្បីមនុស្សជាតិ» ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នរៀបចំ និងមន្ត្រីសន្តិសុខ។ បន្ទាប់មក ប៉ូលីសសភាបានធ្វើអន្តរាគមន៍ និងនាំលោក អនុសន ចេញពីតំបន់នោះភ្លាមៗ។
ដំណើរទស្សនកិច្ចរបស់លោក មីន អ៊ុង លាំង ទៅកាន់ប្រទេសថៃ បានទាក់ទាញការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងសកម្មជនមីយ៉ាន់ម៉ា ដែលបានអំពាវនាវឱ្យមានសម្ពាធកាន់តែខ្លាំងលើយោធាមីយ៉ាន់ម៉ា ជុំវិញជម្លោះ និងវិបត្តិមនុស្សធម៌ដែលកំពុងបន្ត៕