ព័ត៌មានអន្តរជាតិ
អ្នកទោស៣នាក់ស្លាប់និង ២៣នាក់រងរបួស អំឡុងកុបកម្មនៅពន្ធនាគាររបស់ស្រីលង្កា
អ្នកទោស៣នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ២៣នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលមានកុបកម្ម ២លើក នៅក្នុងពន្ធនាគាររបស់ស្រីលង្កា ខណៈដែលភាពចលាចលនៅតែបន្តកើតឡើងនៅទូទាំងប្រព័ន្ធពន្ធនាគារដែលមានស្ថានភាពចង្អៀតណែនខ្លាំងរបស់ប្រទេសកោះមួយនេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហានេះ។
រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក Ananda Wijepala បានប្រាប់រដ្ឋសភាថា អ្នកទោសម្នាក់ត្រូវបានសម្លាប់ និង ១០នាក់រងរបួស អំឡុងកុបកម្មមួយដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍នៅពន្ធនាគារ New Magazine Prison ក្នុងទីក្រុងកូឡុំបូ ហើយកុបកម្មលើកទី២ នៅពន្ធនាគារ Kuruwita ចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីរដ្ឋធានី បានបណ្តាលឲ្យអ្នកទោស ២នាក់ស្លាប់ និង ១៤នាក់រងរបួស។
លោក Wijepala បាននិយាយថា នគរបាល និងកងកម្លាំងពិសេស បានគ្រប់គ្រងភាពចលាចលទាំង ២លើកនេះ។ ហើយជាមួយគ្នានេះ ប្រភពពីនគរបាលបានប្រាប់សារព័ត៌មាន Reuters ថា ភាពចលាចលនៅពន្ធនាគារបើកចំហ (មិនសូវមានភាពតឹងរ៉ឹង) មួយ ក្នុងទីក្រុង Negombo ចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីទីក្រុងកូឡុំបូ ក៏ត្រូវបានទប់ស្កាត់ផងដែរ បន្ទាប់ពីនគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើអ្នកទោសដែលកំពុងតវ៉ា។
ស្ថានភាពចង្អៀតណែន គឺជាវិបត្តិជាប្រព័ន្ធទូទាំងបណ្តាញពន្ធនាគាររបស់ប្រទេស ដែលឃុំឃាំងអ្នកទោសជាង ៤១.០០០នាក់ នៅក្នុងពន្ធនាគារចំនួន ២២កន្លែងដែលសាងសង់ឡើង ដើម្បីដាក់មនុស្សប្រហែល ១១.០០០នាក់។ អ្នកទោសជាង ៣ភាគ៤ គឺជាអ្នកទោសត្រូវបានឃុំខ្លួន រង់ចាំការកាត់ក្តី ដែលភាគច្រើនជាប់ចោទពីបទពាក់ព័ន្ធនឹងគ្រឿងញៀន៕