Uncategorized
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
ទូរទស្សន៍សាធារណៈ CCTV នៅថ្ងៃទី៦ ខែសីហានេះ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ក្នុងខេត្ត Shaanxi នៅភាគពាយ័ព្យនៃប្រទេសចិន បានបណ្តាលឱ្យផ្លូវថ្នល់ខូចខាត ហើយបានបំផ្លាញស្ពាន ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទំនាក់ទំនង ដែលបង្ខំឱ្យមានការជម្លៀសមនុស្សជាង ២៥.០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
ប្រព័ន្ធផ្សព្វផ្សាយនេះបានបង្ហាញពីរូបភាពវីដេអូនៃផ្លូវដែលត្រូវទឹកជំនន់ហូរច្រោះ និងបុគ្គលិកជួយសង្គ្រោះដែលកំពុងជួយជញ្ជូនសម្ភារៈសង្គ្រោះ រួមមានទឹក និងអង្ករ ដោយថ្មើរជើង នៅតំបន់ Zhen’an ក្នុងទីក្រុង Shangluo របស់ខេត្ត Shaanxi។
ទូរទស្សន៍ CCTV បន្តថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តមាននៅក្នុងតំបន់នេះ ហើយដោយសំអាងដល់អាជ្ញាធរមូលដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយនេះ បានឱ្យដឹងទៀតថា មនុស្សជាង ១៤០.០០០នាក់ ត្រូវបានជម្លៀសចេញនៅខេត្ត Shaanxi ចាប់តាំងពីថ្ងៃទី៣០ ខែកក្កដាមក។
ការជម្លៀសនេះកើតឡើងនៅពេលដែលចិនកំពុងត្រៀមខ្លួន សម្រាប់ព្យុះទីហ្វុង Dolphin ដែលត្រូវបានគេរំពឹងថា នឹងវាយប្រហារតាមឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ពីទីក្រុង Shanghai ដល់ Fujian ចន្លោះថ្ងៃទី ៩-១០ ខែសីហា។ គេរំពឹងថា ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង។
អាជ្ញាធរបានប្រាប់ថា បន្ទាប់ពីបានបោកបក់ដល់ដីគោក ព្យុះទីហ្វុងនេះអាចនឹងមានប្រតិកម្មជាមួយខ្យល់ត្រជាក់ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងជាងមុននៅភាគខាងជើងប្រទេសចិន ជាជាងនៅឆ្នេរសមុទ្រភាគខាងកើត។
អាជ្ញាធរបានបន្ថែមថា តំបន់ជាច្រើនរបស់ប្រទេស រួមទាំងនៅ Heilongjiang, Jilin, Shaanxi, Hunan, Guizhou, Yunnan, Guangxi និង Hainan នឹងមានភ្លៀងធ្លាក់ ពីខ្លាំងទៅកាន់តែខ្លាំង ខណៈដែលព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន ចំពោះបំណាក់ដី ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត៕