ព័ត៌មានអន្តរជាតិ
បាញ់រះនៅសាលារៀនប្រទេសថៃ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់រងរបួស
(ប្រទេសថៃ)៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និង១៥ នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅភាគខាងជើងនៃរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះ។ នេះបើយោងតាមមន្ត្រីខេត្តណុនថាបុរី។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថាជាក្មេងជំទង់ ហើយក៏បានរាយការណ៍ថាបានស្លាប់ផងដែរ។
យោងតាមលោកវរសេនីយ៍ឯក ដេក្រាភី គង់ឌី មេបញ្ជាការនគរបាលខេត្តណនថាបុរី បានបញ្ជាក់ថាជនសង្ស័យជាខ្មាន់កាំភ្លើងបានធ្វើអត្តឃាតខ្លួនឯង។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានគ្រូបង្រៀនម្នាក់ និងសិស្សបីនាក់។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកបាងគ្រុយ ខេត្តណនថាបុរី ភាគខាងជើងទីក្រុងបាងកក។
នៅក្នុងឆ្នាំសិក្សា២០២៥ សាលានេះមានសិស្សចុះឈ្មោះប្រហែល ៣,១០០នាក់ និងគ្រូបង្រៀន ១៤៧នាក់។
យោងតាមវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព (IHME) នៅមូលដ្ឋានទិន្នន័យបន្ទុកជំងឺសកលឆ្នាំ២០១៩ របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន ប្រទេសថៃជាប់ចំណាត់ថ្នាក់ជាប្រទេសអាស៊ីអាគ្នេយ៍ដែលមានករណីឃាតកម្មដោយកាំភ្លើងខ្ពស់បំផុតទីពីរបន្ទាប់ពីប្រទេសហ្វីលីពីន។
កាលពីខែកុម្ភៈ គ្រូបង្រៀនម្នាក់បានស្លាប់ និងសិស្សម្នាក់បានរងរបួសនៅក្នុងស្រុកហាតយ៉ៃ ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅសាលារៀនមួយ។ ក្នុងឆ្នាំ ២០២២ មនុស្ស ៣៦ នាក់ត្រូវបានសម្លាប់ ដែលក្នុងនោះ ២៤ នាក់ជាកុមារ នៅក្នុងការសម្លាប់រង្គាលនៅមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅភាគឦសាន ដែលជាឧប្បត្តិហេតុដ៏សាហាវបំផុតរបស់ប្រទេសនេះ៕