ចំណេះដឹងទូទៅ

​បទវិភាគ៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ទូទាំងប្រទេស

Published

on

59 Views

ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ ត្រូវបានចាត់ទុកថាជាសញ្ញាអាសន្នដ៏គួរឱ្យព្រួយបារម្ភបំផុត ដោយផ្អែកលើស្ថិតិនិងរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃដែលបានបង្ហាញយ៉ាងច្បាស់ថា ទាំងចំនួនករណីគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលមានការផ្អាក ឬបន្ធូរបន្ថយការរឹតបន្តឹងការអនុវត្តការផាកពិន័យ។ បញ្ហាគ្រោះថ្នាក់នេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកកម្លាំងពលកម្មដ៏មានតម្លៃ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលដែរ។ មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ទាំងនេះ គឺដោយសារតែការខ្វះស្មារតីទទួលខុសត្រូវ និងការមិនគោរពច្បាប់ ដែលធ្វើឱ្យអ្នកបើកបរមួយចំនួនធំបាត់បង់វិន័យស្ទើរតែលែងគោរពច្បាប់ចរាចរណ៍ទៅហើយ ព្រមទាំងការបើកបរលើសល្បឿនកំណត់ ការបើកបរពេលស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពគន្លងផ្លូវ ការវ៉ាជែងមិនត្រឹមត្រូវ និងការមិនគោរពភ្លើងព្រមទាំងផ្លាកសញ្ញាចរាចរណ៍ ជាដើម ដែលជាកត្តាបង្កគ្រោះថ្នាក់ស្ទើរគ្រប់ទីកន្លែង។ អាស្រ័យហេតុនេះ ការបន្ធូរបន្ថយឬការផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់មួយរយៈពេលកន្លងមក បានផ្ដល់វិបាកអវិជ្ជមានយ៉ាងខ្លាំង ដោយធ្វើឱ្យប្រជាពលរដ្ឋធ្លាប់ខ្លួន លែងសាំនឹងការគោរពវិន័យ និងបង្កឱ្យមានភាពអនាធិបតេយ្យលើដងផ្លូវសាធារណៈ ពីព្រោះថាប្រទេសជាតិមួយមិនអាចខ្វះការអនុវត្តច្បាប់បានឡើយ ពោលគឺនៅពេលដែលមានច្បាប់ហើយ គឺចាំបាច់ត្រូវតែអនុវត្តជាប្រចាំ និងត្រឹមត្រូវទើបធានាបាននូវសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គម។

ឆ្លើយតបទៅនឹងស្ថានភាពដ៏គួរឱ្យបារម្ភនេះ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើម និងសេចក្ដីសម្រេចក្នុងការចាប់ផ្ដើមរឹតបន្តឹងឡើងវិញនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ចំណាត់ការនេះ គឺជាវិធានការរដ្ឋបាលនិងគតិយុត្តដ៏ចាំបាច់បំផុតក្នុងកាលៈទេសៈនេះ ដើម្បីសង្គ្រោះអាយុជីវិតពលរដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តនេះមិនគួរគ្របដណ្ដប់ត្រឹមតែចំនួនប្រាំខេត្តដូចផែនការបឋមដែលបានលើកឡើងនោះទេ ប៉ុន្តែ ត្រូវតែអនុវត្តទូទាំងប្រទេសតែម្ដង ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឯកភាពគ្នាទូទាំងប្រទេស ពីព្រោះគ្រោះថ្នាក់ចរាចរណ៍កើតឡើងគ្រប់ទីកន្លែង មិនកំណត់ថាតែខេត្តណាមួយនោះទេ​។

ជាមួយគ្នានេះដែរ ការអនុវត្តច្បាប់ត្រូវឈរលើគោលការណ៍ស្នូលថា ច្បាប់មិនមែនបង្កើតឡើងដើម្បីតែការផាកពិន័យឬសម្រាប់ជិះជាន់គាបសង្កត់ប្រជាពលរដ្ឋឡើយ ប៉ុន្តែបង្កើតឡើងដើម្បីការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ និងយុត្តិធម៌សង្គម។ ដូច្នេះ ការអនុវត្តត្រូវតែធ្វើឡើងឱ្យបានស្មើភាព តម្លាភាព និងគ្មានការលើកលែង មិនថាអ្នកធំ អ្នកតូច អ្នកក្រ ឬអ្នកមាននោះទេ។ ដោយឡែកមន្ត្រីអនុវត្តច្បាប់ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ កុំអនុវត្តលើស និងកុំប្រែក្លាយការផាកពិន័យជាមុខរបរផ្ទាល់ខ្លួន។

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការកាត់បន្ថយគ្រោះថ្នាក់ និងការលុបបំបាត់ភាពថ្នាំងថ្នាក់ឬការមើលមុខគ្នាមិនចំរវាងសមត្ថកិច្ចនិងពលរដ្ឋ ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តតាមគោលការណ៍សំខាន់ៗមួយចំនួន។ ជាបឋម ភាគីសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យអង្គភាព ភាពម៉ឺងម៉ាត់តែទន់ភ្លន់ ប្រកបដោយតម្លាភាព និងវិជ្ជាជីវៈខ្ពស់ ដោយជៀសវាងការគំរាមកំហែង ឬស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយត្រូវផ្តោតសំខាន់លើយុទ្ធនាការអប់រំនិងការណែនាំ។

ទន្ទឹមនឹងនេះ ការផាកពិន័យត្រូវតែធ្វើត្រឹមត្រូវតាមស្មារតីច្បាប់។ លើសពីនេះទៅទៀត ដើម្បីកាត់បន្ថយទំនាក់ទំនងផ្ទាល់និងភាពងាយរងគ្រោះចំពោះការយល់ច្រឡំរវាងពលរដ្ឋនិងសមត្ថកិច្ច ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធគួរពិចារណាលុបបំបាត់ការបង់ប្រាក់ពិន័យផ្ទាល់នៅនឹងកន្លែង ដោយជំនួសមកវិញនូវការចេញត្រឹមលិខិតផាកពិន័យ និងតម្រូវឱ្យជនល្មើសយកប្រាក់​ទៅបង់នៅធនាគារដៃគូ ឬប្រព័ន្ធទូទាត់ផ្លូវការតាមការកំណត់ណាមួយ។​ ប្រសិនបើពួកគេមិនបង់ទេ អាចពិន័យគុណនឹងពីរឬច្រើជាងនេះ ឬក៏បញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធី។ ដូចគ្នាដែរ ក្នុងករណីករណី មន្ត្រីអនុវត្តច្បាប់​បានប្រព្រឹត្តល្មើស​នីតិវិធីក្នុងការអនុវត្តច្បាប់ ត្រូវតែចាត់វិធានការតាមគោលការណ៍ផ្ទៃក្នុងរបស់ស្ថាប័ន ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ក្ដីតាមច្បាប់។

ចំណែកឯ ភាគីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវវិញ ក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតមកស្ម័គ្រចិត្តគោរពច្បាប់ដោយខ្លួនឯង មិនមែនគោរពច្បាប់ពីព្រោះតែ​ខ្លាចនគរបាលចរាចរណ៍ឬខ្លាចការផាកពិន័យនោះទេ ដោយត្រូវយល់ថា ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវាត់ ការមិនបើកបរពេលស្រវឹងស្រា និងការមិនបើកបរល្មើសល្បឿនកំណត់ គឺធ្វើឡើងដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។

ជាចុងក្រោយ បញ្ហាចរាចរណ៍នៅកម្ពុជាមិនមែនជាបន្ទុករបស់ស្ថាប័នណាមួយផ្ដាច់មុខនោះឡើយ ប៉ុន្តែទាមទារឱ្យមានការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដោយរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃត្រូវបន្តរក្សាជំហរម៉ឺងម៉ាត់ អាជ្ញាធរខេត្តក្រុងស្រុក ខណ្ឌ និងនគរបាលចរាចរណ៍ត្រូវសហការគ្នារឹតបន្តឹងច្បាប់ដោយស្មើភាពនិងគ្មានបក្ខពួក សាលាបើកបរត្រូវរឹតបន្តឹងការបង្រៀនអ្នកបើកបរ ស្ថាប័នដែលរៀបចំការប្រលងនិងចេញបណ្ណបើកបរត្រូវរឹតបន្តឹងគុណភាពតាមគោលការណ៍ចេះពិតប្រឡងជាប់ពិតទើបចេញបណ្ណជូន និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន ព្រមទាំងអត់ឱនយោគយល់គ្នាទៅវិញទៅមក។

ផ្អែកលើស្មារតីទាំងអស់នេះ ការចាប់ផ្ដើមអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នឹងក្លាយជាឱកាសមាស និងជាវិធានការសង្គ្រោះជីវិតដ៏មានតម្លៃ ដែលបើពួកយើងទាំងអស់គ្នារួមព្រមព្រៀងគ្នាចិត្តតែមួយ ដើរលើគន្លងច្បាប់និងសីលធម៌ នោះវប្បធម៌ចរាចរណ៍នៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ ធានាបាននូវសុខដុមរមនា និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យ​សភាកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

two − two =

ពេញនិយម

Exit mobile version