Uncategorized

រលកកម្តៅនៅអឺរ៉ុបបង្កឲ្យមានភ្លើងឆេះព្រៃនៅបារាំង និងក្រិក និងគ្រោះរាំងស្ងួតនៅអង់គ្លេស

Published

on

67 Views

រដូវកម្តៅបានបំបែកកំណត់ត្រាមួយបានធ្វើឱ្យទ្វីបអឺរ៉ុបកាន់តែតានតឹងកាលពីថ្ងៃទី៤សីហានេះ ខណៈយន្តហោះទម្លាក់ទឹកបានហោះពីលើភ្លើងឆេះព្រៃដ៏ធំមួយក្នុងប្រទេសក្រិក ចំណែកក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសបារាំងវិញ បានព្យាយាមគ្រប់គ្រងអណ្ដាតភ្លើងឆេះព្រៃនៅតំបន់ Provence ហើយភាគច្រើននៃចក្រភពអង់គ្លេសបានកត់ត្រាខែកក្កដាដ៏ស្ងួតបំផុតរបស់ខ្លួនក្នុងរយៈពេលជិតពីរសតវត្សរ៍។
ភ្លើងឆេះព្រៃនៅភាគខាងលិចនៃទីក្រុងអាតែន បានរាលដាលចេញពីបន្ទាត់ទប់ស្កាត់នានា មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នានៅលើអាកាសរវាងឧទ្ធម្ភាគចក្រពីរគ្រឿងបានសម្លាប់សមាជិកអាកាសយានិកពីរនាក់។ ជនជាតិក្រិកម្នាក់ និងជនជាតិដាណឺម៉ាកម្នាក់បានស្លាប់ និងពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ។
នៅបារាំងប្រជាពលរដ្ឋដែលបានជម្លៀសពីទីក្រុង Le Porge ភាគខាងត្បូងប្រទេស ដោយសារចំហេះព្រៃដ៏ធំ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញកាលពីថ្ងៃចន្ទ ១០ថ្ងៃបន្ទាប់ពីការបញ្ជាឲ្យជម្លៀស ដែលបានលេបត្របាក់ព្រៃឈើប្រមាណ៤២.០០០ហិចតា ជិតទីក្រុង Bordeaux ប៉ុន្តែផ្ទះរបស់ពួកគេមួយចំនួន បានក្លាយជាផេះផង់។


ចំណែកប្រទេសហូឡង់ឯណោះវិញកំពុងជួបប្រទះភ្លើងឆេះព្រៃដ៏កម្រស្របពេលកម្ដៅកើនឡើង។
រលកកម្ដៅដ៏យូរ និងកង្វះទឹកភ្លៀងបាននាំឱ្យមានខែកក្កដាដ៏ស្ងួតបំផុតនៅអង់គ្លេស និងដែនដី Wales ក្នុងរយៈពេលជិត ២០០ ឆ្នាំនៃការកត់ត្រា នេះបើយោងតាមស្ថិតិបណ្តោះអាសន្នរបស់សេវាអាកាសធាតុចក្រភពអង់គ្លេសដែលបាននិយាយកាលពីថ្ងៃចន្ទ។
ការិយាល័យអាកាសធាតុបាននិយាយថា ដែនដី Wales ទាំងមូល និងជាងពាក់កណ្តាលនៃប្រទេសអង់គ្លេសកំពុងស្ថិតក្នុងគ្រោះរាំងស្ងួតជាផ្លូវការ។ គ្រោះរាំងស្ងួតនេះត្រូវបានអមដោយសីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងចក្រភពអង់គ្លេសភាគច្រើន បន្ទាប់ពីរលកកម្ដៅក្នុងខែឧសភា និងខែមិថុនា។
យោងតាមសេវាកម្មអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប អឺរ៉ុបគឺជាទ្វីបដែលមានការឡើងកម្ដៅលឿនបំផុតរបស់ផែនដី ដោយឡើងកម្ដៅលើសពីពីរដងនៃមធ្យមភាគសកលចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ ការកើនឡើងនៃសីតុណ្ហភាព និងគ្រោះរាំងស្ងួតយូរធ្វើឱ្យរុក្ខជាតិកាន់តែស្ងួត និងងាយឆេះ ដែលងាយឱ្យភ្លើងឆេះរាលដាលលឿនជាងមុន និងឆេះកាន់តែខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

3 × 2 =

ពេញនិយម

Exit mobile version