ចំណេះដឹងទូទៅ
ស្វែងយល់ពីលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជា
នេះឯកសារសំខាន់ចំាបាច់មួយសម្រាប់ប្រជាពលរដ្ឋម្នាក់ៗប្រើប្រាស់ក្នុងការធ្វើដំណើរឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ !
លិខិតឆ្លងដែន ឬភាសាអង់គ្លេសហៅថា PASSPORT របស់ប្រទេសកម្ពុជាយើង
មានចំនួន ៣ប្រភេទរួមមាន៖
- លិខិតឆ្លងដែនការទូត ឬ Diplomatic Passport
- លិខិតឆ្លងដែនផ្លូវការ ឬ Service Passport និង
- លិខិតឆ្លងដែនធម្មតា ឬ ហៅថា Passport
១. ពណ៌ខៀវក្រម៉ៅ ជា លិខិតឆ្លងដែនការទូត ឬ Diplomatic Passport
គឺសម្រាប់ថ្វាយស្ថាប័នព្រះមហាក្សត្រ និងផ្តល់ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្រ្តីការទូត ឥស្សរៈជនជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្រ្តីសង្ឈដែលមានងារជាសម្តេច រួមទាំងមន្រ្តីរាជការកម្ពុជា ទៅតាមលំដាប់នៃឋានន្តរសក្តិ និងមុខតំណែងមួយចំនួនទៀតផងដែរ ។
២- ពណ៌បៃតងក្រម៉ៅ ជា លិខិតឆ្លងដែនផ្លូវការ ឬ Service Passport
គឺសម្រាប់ផ្តល់ជូនតែមន្រ្តីរាជការកម្ពុជាដែលត្រូវចេញទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេសប៉ុណ្ណោះ។ មន្រ្តីទាំងនោះរួមមាន សមាជិក គជប ទីប្រឹក្សា ឬជំនួយការដែលមានឋានៈស្មើប្រធាននាយកដ្ឋានឡើង មន្រ្តីរាជការចាប់ពីមុខតំណែងអនុប្រធានការិយាល័យឡើង។ ចំណែកមន្រ្តីយោធា មន្រ្តីនគរបាលជាតិ គឺចាប់ពី ឋានន្តរសក្តិវរសេនីយ៍ត្រីឡើង និងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងនៃស្ថាប័នតុលាការ ជាដើម។
៣- ពណ៌ក្រហមក្រម៉ៅ ជាលិខិតឆ្លងដែនធម្មតា ឬ Passport
គឺជាឯកសារបញ្ជាក់ថាជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ ដែលអនុញ្ញាតិឲ្យពលរដ្ឋកម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស៕