ព័ត៌មានអន្តរជាតិ
ជនអន្តោប្រវេសន៍រាប់រយនាក់ សម្រុកចូលទីក្រុង Ceuta របស់អេស្ប៉ាញ
ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែកក្កដានេះបាននិយាយថា ខ្លួននឹងបញ្ជូនទាហានទៅកាន់ទីក្រុង Ceuta ដើម្បីធានាសន្តិសុខបន្ទាប់ពីជនអន្តោប្រវេសន៍រាប់រយនាក់បានសម្រុកចូលដែនដីអេស្ប៉ាញនៅអាហ្វ្រិកខាងជើងពីប្រទេសម៉ារ៉ុក ។
ការធ្វើអន្តោប្រវេសន៍ពីប្រទេសម៉ារ៉ុក ចូលទៅក្នុងដែនដីអាហ្វ្រិកខាងជើងចំនួនពីររបស់ប្រទេសអេស្ប៉ាញ មានទីក្រុង Ceuta និង Melilla គឺជាបញ្ហាដ៏រសើបខាងនយោបាយរវាងប្រទេសទាំងពីរជាយូរមកហើយ ខណៈមនុស្សរាប់ពាន់នាក់បានឆ្លងកាត់ព្រំដែន។ ប្រទេសអ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសអេស្ប៉ាញត្រូវបានផ្អាកពីតំបន់ស៊ែងិន(Schengen) ដែលព្រំដែនបើកចំហ។
អ្នកសារព័ត៌មាន AFP បានឃើញមនុស្សពេញវ័យ និងកុមារជាច្រើននាក់ ភាគច្រើនខ្លួនទទឹកសើម ចូលទៅក្នុងទីក្រុងបន្ទាប់ពីហែលទឹកនៅតំបន់នោះ។ ពោងបណ្តែតទឹកនិងសម្លៀកបំពាក់ដែលបោះចោលត្រូវបានទុកចោលនៅលើមាត់ឆ្នេរ។ ក្រសួងមហាផ្ទៃប្រទេសអេស្ប៉ាញបាននិយាយថា «កងកម្លាំងប្រដាប់អាវុធនឹងពង្រឹងឆ្មាំស៊ីវិលឲ្យអនុវត្តអំណាចរបស់ខ្លួន និងអំណាចផ្សេងទៀតដែលចាំបាច់ដើម្បីរក្សាសន្តិសុខនៅក្នុងទីក្រុង Ceuta»។
ក្រសួងពុំបានបញ្ជាក់ថាតើទាហានប៉ុន្មាននាក់នឹងត្រូវបានបញ្ជូនទៅកាន់ដែនដីតូចដែលមានទំហំ១៨,៥ គីឡូម៉ែត្រក្រឡានោះទេ ប៉ុន្តែបាននិយាយថាកម្លាំងរបស់កងឆ្មាំស៊ីវិលនៅទីនោះនឹងកើនឡើងជិតទ្វេដងពីកម្រិតបច្ចុប្បន្ន៨០នាក់ ហើយក៏នឹងបញ្ជូនក្រុមមុជក្នុងជម្រៅទឹក និងនាវាឆ្មាំល្បាតឆ្នេរផងដែរ។
គណៈប្រតិភូរដ្ឋាភិបាលអេស្ប៉ាញនៅក្នុងតំបន់នោះបានប្រាប់សារព័ត៌មាន AFP ថា សាកសពរបស់ជនអន្តោប្រវេសន៍៩នាក់ដែលបានស្លាប់ខណៈព្យាយាមទៅដល់ទីក្រុង Ceuta ដោយហែលទឹក ត្រូវបានរកឃើញ៕