ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន៖ ការពន្យារពេលមីស៊ីលការពារដែនអាកាស បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តផ្តល់មីស៊ីលការពារដែនអាកាសបន្ថែមទៀតដល់ប្រទេសរបស់លោកដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។
លោកបានធ្វើការស្នើសុំជាថ្មីបន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារយ៉ាងខ្លាំងកាលពីពេលយប់លើអ៊ុយក្រែន ដោយប្រើមីស៊ីលបាលីស្ទីកដ៏មានឥទ្ធិពល។
លោក Zelenskyy បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដានេះថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលជាង៧០គ្រាប់ និងយានដ្រូនវាយប្រហារជាង២៨០គ្រឿង។ លោកបាននិយាយថា ការវាយប្រហារនៅក្នុងតំបន់ Dnipro បានសម្លាប់កុមារបីនាក់និងឪពុកម្តាយរបស់ពួកគេ ហើយកុមារពីរនាក់ទៀតត្រូវបានទាញចេញពីគំនរបាក់បែក។
អង្គភាពសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននិយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងរដ្ឋធានីគីវ និងមនុស្ស៣០នាក់បានរងរបួសនៅក្នុងតំបន់ភាគខាងលិចទីក្រុង Lviv។
លោក Zelenskyy និយាយថា ការពន្យារពេលក្នុងការផ្តល់មីស៊ីលប្រឆាំងមីស៊ីលបាលីស្ទីករបស់រុស្ស៊ីនាំឱ្យមានការបំផ្លិចបំផ្លាញ និងអ្នកស្លាប់និងរងរបួសច្រើន។ តាមសេចក្តីរាយការណ៍ លោកបានស្នើសុំឱ្យសហរដ្ឋអាមេរិកផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ចំនួន៣០០គ្រឿង។