ចំណេះដឹងទូទៅ

បទវិភាគ៖ បញ្ហា«បុកហើយរត់»៖ ដល់ពេលពង្រឹងការអនុវត្តច្បាប់ឱ្យតឹងរ៉ឹងនិងស្មើភាពគ្នា

Published

on

10 Views

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមួយ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺករណីមួយចំនួនមិនត្រឹមតែបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកបើកបរបានបន្តរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយមិនផ្តល់ជំនួយដល់ជនរងគ្រោះ និងមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ បាតុភូត «បុកហើយរត់» បានក្លាយជាបញ្ហាដែលប៉ះពាល់ទាំងការអនុវត្តច្បាប់ សីលធម៌សង្គម និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។

ករណីដែលបានកើតឡើងថ្មីៗនេះ ដែលអ្នកបើកបររថយន្តស៊េរីទំនើបបុកប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់ហើយបន្តរត់គេចខ្លួន មុនពេលសមត្ថកិច្ចឃាត់ខ្លួនបាន បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍និងជជែកវែកញែកយ៉ាងទូលំទូលាយ។ ទោះបីជាករណីនីមួយៗត្រូវរង់ចាំការស៊ើបអង្កេត និងការសម្រេចរបស់តុលាការតាមនីតិវិធីក៏ដោយ ក៏បាតុភូតនៃការរត់គេចបន្ទាប់ពីបង្កគ្រោះថ្នាក់ បានបង្កការព្រួយបារម្ភថា វាអាចជំរុញឱ្យមានវប្បធម៌គេចវេះពីការទទួលខុសត្រូវ ប្រសិនបើមិនមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនិងស្មើភាព។

ការរត់ចេញពីកន្លែងកើតហេតុ មិនត្រឹមតែធ្វើឱ្យជនរងគ្រោះខកខានឱកាសទទួលបានជំនួយសង្គ្រោះទាន់ពេលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការឈឺចាប់ផ្លូវចិត្តដល់ក្រុមគ្រួសារ និងធ្វើឱ្យសាធារណជនមានអារម្មណ៍ថា យុត្តិធម៌មិនត្រូវបានអនុវត្តយ៉ាងពេញលេញ។ នៅពេលប្រជាពលរដ្ឋយល់ឃើញថា ការទទួលខុសត្រូវអាចត្រូវបានគេចវេះ ឬការអនុវត្តច្បាប់មិនមានស្តង់ដារដូចគ្នា ទំនុកចិត្តលើស្ថាប័នយុត្តិធម៌ក៏អាចរងផលប៉ះពាល់ផងដែរ។

ដើម្បីកាត់បន្ថយនិងទប់ស្កាត់បាតុភូតនេះ ការពង្រឹងការអនុវត្តច្បាប់គួរត្រូវបានពិចារណាលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

​ទីមួយ គួរពិនិត្យលទ្ធភាពពង្រឹងទណ្ឌកម្មចំពោះអ្នកដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយមានចេតនារត់គេចពីកន្លែងកើតហេតុ។ ការរត់គេចអាចត្រូវបានចាត់ទុកជាទង្វើដាច់ដោយ​ឡែក ដែលគួរតែទទួលខុសត្រូវតាមច្បាប់ ប្រសិនបើច្បាប់កំណត់ដូច្នេះ។ ការកំណត់ទណ្ឌកម្មឱ្យមានប្រសិទ្ធភាព គួរផ្អែកលើគោលការណ៍នីតិរដ្ឋនិងឆ្លុះបញ្ចាំងពីទំហំទំនួលខុសត្រូវរបស់ជនល្មើស។

ទីពីរ គោលការណ៍សមភាពចំពោះមុខច្បាប់ ត្រូវតែអនុវត្តដោយមិនមានការរើសអើង។ មិនថាជាអ្នកមានទ្រព្យ អ្នកមានអំណាច ឬប្រជាពលរដ្ឋទូទៅទេ ការស៊ើបអង្កេត ការចោទប្រកាន់ និងការកាត់សេចក្តី គួរតែអនុវត្តស្របតាមច្បាប់និងភស្តុតាង ដោយគ្មានការលើកលែង។ នេះគឺជាមូលដ្ឋានសំខាន់នៃនីតិរដ្ឋនិងជាកត្តាជំរុញទំនុកចិត្តរបស់សាធារណជនមកលើអាជ្ញាធរ ប្រព័ន្ធយុត្តិធម៌ និងរដ្ឋាភិបាល។

ទីបី ការជួយលាក់បាំងឬសមគំនិតជាមួយជនបង្ក ក៏គួរត្រូវបានស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់។ មិនថាជាបុគ្គលធម្មតាឬមន្ត្រីមានសមត្ថកិច្ចនោះទេ ការជួយឱ្យជនល្មើសគេចផុតពីការទទួលខុសត្រូវ អាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងជំនឿរបស់សង្គមចំពោះប្រព័ន្ធយុត្តិធម៌។

ទន្ទឹមនឹងនេះ ក៏គួរយកចិត្តទុកដាក់លើបញ្ហាអំពើហិង្សានៅកន្លែងកើតហេតុផងដែរ។ ជាក់ស្តែង មានករណីខ្លះដែលអ្នកបង្កគ្រោះថ្នាក់អះអាងថា ភ័យខ្លាចការវាយប្រហារពីហ្វូងមនុស្ស។ ទោះជាយ៉ាងណាកដោយ ក៏ការភ័យខ្លាចបែបនេះ មិនគួរត្រូវបានប្រើជាហេតុផលដើម្បីគេចវេះពីការទទួលខុសត្រូវនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរគួរតែមានសមត្ថភាពធានាសុវត្ថិភាពទាំងជនរងគ្រោះ អ្នកបង្ក និងសាធារណជន ព្រមទាំងចាត់វិធានការចំពោះអ្នកប្រើអំពើហិង្សាដោយខុសច្បាប់ ដើម្បីឱ្យការដោះស្រាយវិវាទប្រព្រឹត្តទៅតាមនីតិវិធី មិនមែនតាមអារម្មណ៍ ឬការសងសឹកឡើយ។

លើសពីការពង្រឹងការអនុវត្តច្បាប់ ការបណ្តុះស្មារតីទទួលខុសត្រូវរបស់អ្នកបើកបរក៏មានសារៈសំខាន់ដូចគ្នា។ ការគោរពច្បាប់ចរាចរណ៍ ការយល់ដឹងពីតម្លៃជីវិតមនុស្ស និងការមិនគេចវេះពីការទទួលខុសត្រូវ គឺជាមូលដ្ឋាននៃវប្បធម៌ចរាចរណ៍ប្រកបដោយសុវត្ថិភាព។

ជារួម បញ្ហា «បុកហើយរត់» មិនមែនជាបញ្ហារបស់បុគ្គលម្នាក់ ឬករណីណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលទាមទារការឆ្លើយតបជាប្រព័ន្ធ។ ការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ស្មើភាព និងតម្លាភាព គួបផ្សំនឹងការលើកកម្ពស់សីលធម៌ គុណធម៌ និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ផ្លូវ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយបាតុភូតនេះ និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។ មានតែការអនុវត្តនីតិរដ្ឋដោយគ្មានការលើកលែង និងការចូលរួមពីគ្រប់ភាគីប៉ុណ្ណោះ ទើបអាចជួយកសាងសង្គមដែលមានសុវត្ថិភាព យុត្តិធម៌ និងការទទួលខុសត្រូវពិតប្រាកដបាន៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

nine − 4 =

ពេញនិយម

Exit mobile version