ព័ត៌មានអន្តរជាតិ
សារព័ត៌មាន៖ អ៊ុយក្រែនខាតបង់ ៧០ លានដុល្លារ ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការកំពង់ផែសមុទ្រខ្មៅ
យោងតាមការគណនារបស់សារព័ត៌មានអ៊ុយក្រែន Ekonomicheskaya Pravda (EP) អ៊ុយក្រែនកំពុងខាតបង់ថវិកាប្រមាណ ៧០ លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការនៃកំពង់ផែ Odessa, Chernomorsk និង Yuzhny។
កាសែត EP បាននិយាយនៅថ្ងៃទី៣០កក្កដានេះថា៖«កំពង់ផែចំនួនបីនៃតំបន់ Greater Odessa មានចំនួនទំនិញដែលមានតម្លៃ ២,១ ពាន់លានដុល្លារក្នុងចំណោមទំនិញនាំចេញសរុបរបស់អ៊ុយក្រែនដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ នៅក្នុងខែមិថុនា។ ដូច្នេះ ជាមធ្យម ផលិតផលដែលមានតម្លៃប្រហែល ៧០ លានដុល្លារ បានឆ្លងកាត់កំពង់ផែទាំងនេះ ជារៀងរាល់ថ្ងៃ»។
នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ អ៊ុយក្រែនបាននាំចេញទំនិញសរុប ៥០,៧ លានតោន ក្នុងនោះប្រមាណ ៣៤ លានតោន ឬស្មើនឹងពីរភាគបី ត្រូវបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែនានាក្នុងតំបន់ Greater Odessa។
សារព័ត៌មាន EP បានឲ្យដឹងថា បើគិតទាំងការនាំចេញ និងការនាំចូល ទំនិញសរុប ៦៨,៥ លានតោន ត្រូវបានដឹកជញ្ជូន ក្នុងនោះ ជាង ៤០ លានតោន បានឆ្លងកាត់ច្រកត្រួតពិនិត្យតាមផ្លូវសមុទ្រតែមួយប៉ុណ្ណោះ ពោលគឺ រាល់ទំនិញ ១០ តោន មាន ៦ តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ។
នាពេលមុននេះ រដ្ឋមន្ត្រីក្រសួងគោលនយោបាយកសិកម្ម និងស្បៀងអាហារអ៊ុយក្រែន លោក Taras Vysotsky បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនបានផ្អាកការចូលរបស់នាវាទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដោយសារហេតុផលសន្តិសុខ ចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមក។ បច្ចុប្បន្ន មានសកម្មភាពដឹកជញ្ជូនខ្លះ ត្រូវបានមើលឃើញតែនៅតាមទិសដៅកំពង់ផែ Izmail) និង Reniនៃទន្លេ Danube ប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពរបស់កំពង់ផែទាំងនេះ មានកម្រិតទាបជាងយ៉ាងច្រើន បើប្រៀបធៀបនឹងកំពង់ផែទាំងអស់នៅតំបន់ Greater Odessa៕