ព័ត៌មានអន្តរជាតិ
បារាំងបណ្តេញពិធីការិនីទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកក្កដានេះ បានប្រាប់ឱ្យដឹងថា ប្រទេសបារាំងបានបញ្ជាឱ្យអ្នកសារព័តមានជនជាតិរុស្ស៊ីដែលបង្កឱ្យមានភាពចម្រូងចម្រាស គឺលោកស្រី Xenia Fedorova ចាកចេញពីប្រទេស បន្ទាប់ពីមានការចោទប្រកាន់ថា លោកស្រីកំពុងផ្សព្វផ្សាយការឃោសនារបស់វិមានក្រឹមឡាំង តាមទូរទស្សន៍ និងវិទ្យុបារាំង។
អ្នកជំនាញផ្នែកព័ត៌មានមិនពិត បានលើកឡើងពីក្ដីបារម្ភ អំពីឥទ្ធិពលរបស់អតីតអ្នកសារព័ត៌មាន មកពីប្រព័ន្ធផ្សព្វផ្សាយ RT ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី ខណៈដែលបារាំងកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយ។
សារព័ត៌មាន Liberation របស់បារាំង បានលើកឡើងពីបទបញ្ជាបណ្តេញចេញនេះ ដោយចោទប្រកាន់លោកស្រីថា បានធ្វើសកម្មភាព «ជាផ្លូវ សម្រាប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលរៀបចំដោយអាជ្ញាធររុស្ស៊ី» ដោយមានគោលបំណង «ធ្វើឱ្យសណ្តាប់ធ្នាប់សាធារណៈអស្ថិរភាព» នៅក្នុងប្រទេសបារាំង។
ប្រព័ន្ធផ្សព្វផ្សាយ RT France ត្រូវបានបិទនៅឆ្នាំ២០២៣ មួយឆ្នាំបន្ទាប់ពីប្រធានាធិបតី លោក Vladimir Putin បានបញ្ជាឱ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែលោកស្រី Fedorova នៅតែបន្តការងារដដែល ដោយទទួលបានតួនាទីជាអ្នកអត្ថាធិប្បាយ សម្រាប់អង្គភាពសារព័ត៌មាន នៅក្នុងរង្វង់អាណាចក្រប្រព័ន្ធផ្សព្វផ្សាយរបស់មហាសេដ្ឋីអភិរក្សនិយម លោក Vincent Bollore។
លោកស្រីតែងតែលេចមុខតាមប៉ុស្តិ៍ទូរទស្សន៍ CNews វិទ្យុ Europe 1 និងសរសេរអត្ថបទព័ត៌មានឱ្យសារព័ត៌មាន Le Journal du Dimanche ដោយផ្សព្វផ្សាយចំណុចពិភាក្សា ឬសារនយោបាយរបស់វិមានក្រឹមឡាំង អំពីអ៊ុយក្រែន និងលោកខាងលិច៕