ព័ត៌មានអន្តរជាតិ
ប្រេស៊ីល ចោទអាម៉េរិកពីការបន្ថែមពេលអំណាចពាណិជ្ជកម្មគ្រាអាសន្នដោយផ្អែកលើការអះអាងគ្មានមូលដ្ឋាន
ប្រេស៊ីលបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការប្រើប្រាស់ការអះអាង «គ្មានមូលដ្ឋាន និងមិនពិត» ដើម្បីបន្ថែមពេលអំណាចពាណិជ្ជកម្មគ្រាអាសន្នរបស់ខ្លួនប្រឆាំងប្រទេសអាមេរិកខាងត្បូងមួយនេះសម្រាប់រយៈពេលមួយឆ្នាំទៀត ជាចំណាត់ការមួយបង្ហាញអំពីភាពត្រឹមត្រូវចំពោះការបន្តដំឡើងពន្ធពិន័យលើការនាំចេញរបស់ប្រទេសប្រេស៊ីល។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃទី២៩ ខែកក្កដានេះបានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីលបានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បានរិះគន់ការអះអាងដដែលៗនូវ «អំណះអំណាងគ្មានមូលដ្ឋាន និងមិនពិត» ដែលបាននិយាយថា ប្រេស៊ីលគឺជា «ការគំរាមកំហែងខុសពីធម្មតាចំពោះសន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក»។
ការកំណត់ប្រទេសប្រេស៊ីលថាជាការគំរាមកំហែងដែលតម្រូវឱ្យមានវិធានការសេដ្ឋកិច្ចគ្រាអាសន្ន បានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ការដំឡើងពន្ធរហូតដល់៣៥ភាគរយលើទំនិញឧស្សាហកម្មប្រេស៊ីលជាច្រើនមុខ ជាផ្នែកមួយនៃគោលនយោបាយដំឡើងពន្ធដាក់ចេញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងឆ្នាំ២០២៥។
យោងតាមទីក្រុងវ៉ាស៊ីនតោន វិធានការគ្រាអាសន្នទាំងនេះគឺចាំបាច់ ដោយសារតែការរំលោភសិទ្ធិមនុស្ស ការបង្ក្រាបសេរីភាពនៃការបញ្ចេញមតិសម្រាប់បុគ្គលនិងក្រុមហ៊ុនអាមេរិក និងការធ្វើទុក្ខបុកម្នេញខាងនយោបាយលើអតីតប្រធានាធិបតី លោក Jair Bolsonaro ។ កាលពីពេលថ្មីៗនេះ លោក Jair Bolsonaro ត្រូវបានរកឃើញថាមានទោសពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតជាថ្មីរបស់លោក៕