ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់អនុម័តផែនការសន្តិសុខ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត

Published

on

5 Views

ក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែកក្កដានេះ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត ដែលកំណត់គោលដៅទីតាំងយោធាប៉ារ៉ានៅទូទាំងប្រទេសនេះ ដោយអនុម័តផែនការសន្តិសុខដ៏ទូលំទូលាយមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋ និង ទប់ទល់ការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។
ក្នុងកិច្ចប្រជុំបន្ទាន់មួយដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី Ali al-Zaidi ក្រុមប្រឹក្សានេះ បានបញ្ជាក់ថា ការវាយប្រហារទាំងនោះ បានកើតឡើង ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយក្តីបារម្ភដែលលើកឡើងដោយអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកជុំវិញការវាយប្រហារលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Sabah al-Numan អ្នកនាំពាក្យរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់។
ក្រុមប្រឹក្សាបានណែនាំឲ្យក្រសួងការបរទេសចាត់វិធានការស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីកត់ត្រាឧបទ្ទវហេតុនេះជាផ្លូវការ និងការពារសិទ្ធិស្របច្បាប់របស់អ៊ីរ៉ាក់។
ដោយសង្កត់ធ្ងន់ថា ការឆ្លើយតបទៅនឹងការវាយប្រហារបែបនេះ គឺជាការទទួលខុសត្រូវផ្តាច់មុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងស្ថាប័នរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សាអ៊ីរ៉ាក់ឲ្យនៅឆ្ងាយពីជម្លោះក្នុងតំបន់ ហើយបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ជៀសវាងការបង្កើនភាពតានតឹងបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

11 + four =

ពេញនិយម

Exit mobile version