Uncategorized

ប្រទេសថៃ៖ មេរោគអេដស៍ឆ្លងថ្មីកើនឡើងប្រហែល ២៣,៩០០ករណី ក្នុងខេត្តឈៀងម៉ៃ

Published

on

4 Views

មេរោគអេដស៍នៅតែជាកង្វល់ដ៏សំខាន់មួយសម្រាប់សុខភាពសាធារណៈនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយបានកត់ត្រាករណីឆ្លងមេរោគអេដស៍ប្រហែល ២៣,៩០០ករណី ដោយមានករណីថ្មីប្រហែល ៧០០ ករណីត្រូវបានរកឃើញជារៀងរាល់ឆ្នាំ ដែលស្មើនឹងការឆ្លងថ្មីជិតពីរករណីក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៧ ខែកក្កដានេះ។

ការិយាល័យសុខភាពសាធារណៈខេត្តឈៀងម៉ៃបានបញ្ជាក់ថា មេរោគអេដស៍ឥឡូវនេះមានវត្តមាននៅក្នុងសហគមន៍ជាច្រើន ជាពិសេសក្នុងចំណោមពលករចំណាកស្រុក និងជនជាតិភាគតិច។

មេរោគអេដស៍នេះភាគច្រើនកើតលើយុវជនដែលមានអាយុពី ១៥-២៤ ឆ្នាំជាក្រុមដ៏សំខាន់មួយនៃការឆ្លងមេរោគអេដស៍ថ្មី  ដែលកើតចេញពីការផ្លាស់ប្តូរអាកប្បកិរិយាផ្លូវភេទ និងការយល់ដឹងមានកម្រិតអំពីការបង្ការមេរោគអេដស៍។ ទន្ទឹមនឹងនេះ មនុស្សពេញវ័យដែលមានអាយុចន្លោះពី ២៥-៤៩ ឆ្នាំនៅតែមានចំនួនច្រើនជាងគេនៃការឆ្លងថ្មីផងដែរ។

ការិយាល័យដដែរបានព្រមានថា ការផ្លាស់ប្តូរឥរិយាបថទំនាក់ទំនងក្នុងយុគសម័យឌីជីថលកំពុងបង្កើនហានិភ័យនៃការឆ្លងមេរោគ។ ទិន្នន័យក្នុងស្រុកបង្ហាញថា បុរស ៦១,៩% ដែលរួមភេទជាមួយប្រើប្រាស់កម្មវិធីណាត់ជួបរួមភេទជាមួយមនុស្សចម្លែក។ ឥរិយាបថនេះអាចបង្កើនហានិភ័យនៃការចម្លងមេរោគអេដស៍ ក៏ដូចជាជំងឺកាមរោគផ្សេងទៀត រួមទាំងជំងឺអុតស្វាយ (mpox)។

មេរោគអេដស៍គឺជាមេរោគភាពស៊ាំរបស់មនុស្ស ដែលចម្លងជាចម្បងតាមរយៈការរួមភេទដោយមិនបានការពារ ការប្រើប្រាស់ម្ជុលរួមគ្នា ឬពីម្តាយទៅកូន។ បើគ្មានការព្យាបាលទេ មេរោគអេដស៍អាចវិវត្តទៅជាជំងឺអេដស៍ ដែលជាដំណាក់កាលមួយដែលប្រព័ន្ធភាពស៊ាំត្រូវបានចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ដោយបាត់បង់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

គូសបញ្ជាក់ថា នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២៣ មានមនុស្សប្រមាណ ៣៩,៩ លាននាក់រស់នៅជាមួយមេរោគអេដស៍ទូទាំងពិភពលោក ប្រហែល ៦៣០.០០០ នាក់បានស្លាប់ដោយសារមេរោគអេដស៍ ហើយមានតែ ៧៧% នៃអ្នកឆ្លងមេរោគអេដស៍ប៉ុណ្ណោះដែលអាចទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART)៕

Leave a Reply

Your email address will not be published. Required fields are marked *

three − two =

ពេញនិយម

Exit mobile version