ព័ត៌មានអន្តរជាតិ
មនុស្ស ១៧នាក់បាត់ខ្លួន បន្ទាប់ពីកប៉ាល់វៀតណាមលិចនៅសមុទ្រចិនខាងត្បូង
ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួនចំនួន ១៧ នាក់នៅយប់ថ្ងៃទី២៦ ខែកក្កដានេះ បន្ទាប់ពីកប៉ាល់ដឹកទំនិញវៀតណាមមួយគ្រឿងដែលដឹកមនុស្ស ៦២ នាក់បានលិចក្នុងអំឡុងពេលមានព្យុះនៅក្នុងសមុទ្រចិនខាងត្បូង។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Pham Thu Hang បានឱ្យដឹងថា អាជ្ញាធរវៀតណាមបានមកដល់កន្លែងកើតហេតុ បន្ទាប់ពីកប៉ាល់ Khoi Nguyen 18 បានលិចពេលកំពុងប្រតិបត្តិការក្នុងស្ថានភាពអាកាសធាតុអាក្រក់នៅសមុទ្រចិនខាងត្បូង។
ក្រុមអ្នកជួយសង្គ្រោះវៀតណាម ដោយមានការគាំទ្រពីកងកម្លាំងជួយសង្គ្រោះចិន រួមទាំងកប៉ាល់ និងឧទ្ធម្ភាគចក្រ និងនាវាផ្សេងទៀតនៅក្នុងតំបន់នោះ បានជួយសង្គ្រោះមនុស្សចំនួន ៤៥ នាក់ភ្លាមៗក្នុងចំណោម ៦២នាក់ គិតត្រឹមយប់ថ្ងៃអាទិត្យនេះ។
ជាមួយគ្នានេះ ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា នាវា Khoi Nguyen 18 បានជួបប្រទះបញ្ហានៅជិតថ្មប៉ប្រះទឹក Yongshu ដែលត្រូវបានគេស្គាល់ផងដែរថាជាថ្មប៉ប្រះទឹក Fiery Cross Reef នៅក្នុងប្រជុំកោះ Spratly។
គិតត្រឹមថ្ងៃទី២៧នេះ នាវាចិនចំនួន ៦ គ្រឿង និងឧទ្ធម្ភាគចក្រជួយសង្គ្រោះមួយគ្រឿង ក៏ដូចជានាវាវៀតណាមមួយគ្រឿងកំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងតំបន់នោះ៕