ព័ត៌មានអន្តរជាតិ
មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង រិះគន់អាស៊ានចំពោះការជំរុញឱ្យរំសាយអាវុធនុយក្លេអ៊ែរ
ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានវាយប្រហារប្លុកនៃប្រជាជាតិអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃចន្ទ ទី២៧កក្កដានេះ ចំពោះការជម្រុញឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ដោយរិះគន់ជំហរនេះថាជាគំនិតដ៏ «ល្ងង់ខ្លៅ» ជាទីបំផុត។
នៅក្នុងវេទិការដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្តាហ៍មុន នៅប្រទេសហ្វីលីពីន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» លើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែលកំពុងបន្តរបស់ទីក្រុងព្យុងយ៉ាង និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា «ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ»។
កូរ៉េខាងជើងបានទទូចជាយូរមកហើយលើសិទ្ធិរបស់ខ្លួនចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ទោះបីជាវាត្រូវបានហាមឃាត់ក្រោមលក្ខខណ្ឌនៃទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។ កូរ៉េខាងជើងបានចែងច្បាប់នុយក្លេអ៊ែររបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ ២០២៣។
ប្អូនស្រីរបស់លោកគីម គឺលោកស្រី គីម យ៉ូជុង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយាអរិភាពដ៏ស្មោះត្រង់របស់វេទិកាអាស៊ាននេះ ដែលដើរតាមសហរដ្ឋអាម៉េរិកដែលនិយាយអំពី «ការរំសាយអាវុធនុយក្លេអ៊ែរ និងមិនអើពើនឹងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង»។
លោកស្រីបានលើកឡើងថា «វាជាការបរាជ័យក្នុងការគិតជាយុទ្ធសាស្ត្រ និងតក្កវិជ្ជា និងជាការបង្ហាញពីក្តីសុបិនដ៏ល្ងង់ខ្លៅ ដែលនៅតែប្រកាន់ខ្ជាប់នូវ «ការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ» ដែលបានបាត់បង់អត្ថន័យរបស់វារួចហើយទាំងផ្នែកគំនិត និងការអនុវត្ត។
កាលពីខែមិថុនា លោកស្រី គីម យ៉ូជុង ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយទំនាក់ទំនង និងការបរទេសរបស់កូរ៉េខាងជើង បាននិយាយថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជា «ខ្សែបន្ទាត់ដែលមិនអាចដកថយបាន»។
ទីក្រុងព្យុងយ៉ាងបានប្រកាសខ្លួនឯងម្តងហើយម្តងទៀតថាជារដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចត្រឡប់វិញបាន» ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ របស់គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម នៅប្រទេសវៀតណាម៕