ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់សម្លាប់មនុស្ស ៨២នាក់នៅទូទាំងប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

Published

on

29 Views

យ៉ាងហោចណាស់មនុស្ស ៨២ នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគឦសាននៃប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងសប្តាហ៍នេះ ខណៈដែលទឹកជំនន់បានបង្កការខូចខាតយ៉ាងខ្លាំងដល់ដីស្រែចម្ការ ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសាធារណៈ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២៤ ខែកក្កដានេះ។

យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលអាជ្ញាធរថាជា «ការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក» នាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងសប្តាហ៍នេះកើនឡើងដល់ ៣៦ នាក់។ ខណៈមនុស្សជាង ៦៥០,០០០ នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំង ១១ ស្រុកនៃរដ្ឋ Assam។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ទឹកជំនន់នៅរដ្ឋ Assam ភាគច្រើនបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Nagaland រវាងថ្ងៃទី១៨ និង ២០ ខែកក្កដា ដែលបណ្តាលឱ្យមានលំហូរទឹកទន្លេខ្ពស់ខុសពីធម្មតា។

រដ្ឋ Assam ដែលជាជម្រករបស់ទន្លេ Brahmaputra ជាទន្លេធំជាងគេបំផុតមួយរបស់ពិភពលោក ការខូចខាតពីលំហូរទឹកកើនឡើងស្ទើរតែរៀងរាល់ឆ្នាំក្នុងអំឡុងពេលរដូវវស្សា។

ដោយឡែក យ៉ាងហោចណាស់មនុស្ស ៤៦ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១០០ នាក់រងរបួសនៅក្នុងទឹកជំនន់នៅទូទាំងខេត្ត Nuristan ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន និងខេត្ត Khyber Pakhtunkhwa របស់ប្រទេសប៉ាគីស្ថានក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ។

ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ ដោយទឹកជំនន់កាន់តែខ្លាំងឡើង គ្រោះរាំងស្ងួត ការរលាយផ្ទាំងទឹកកក និងកង្វះខាតទឹក ធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *

sixteen + nine =

ពេញនិយម

Exit mobile version