ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ី បិទសាកលវិទ្យាល័យឌីជីថលរបស់មហាសេដ្ឋីអាម៉េរិកម្នាក់ ដែលផ្តល់ទីតាំងជនអន្តោប្រវេសន៍ខុសច្បាប់
អាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃទី២១កក្កដានេះ បានបញ្ជាឱ្យបិទបរិវេណសាលាអាជីវកម្មមួយដែលបង្កើតឡើងដោយអ្នកវិនិយោគជនជាតិអាម៉េរិក លោក Balaji Srinivasan ពាក់ព័ន្ធការផ្តល់ទីតាំងសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់។
យោងតាម AFP ផ្សាយថា ស្ថាបនិកសាលា Network បានប្រកាសកាលពីសប្តាហ៍មុនថាលោកកំពុងបង្កកគម្រោងវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូលបរិវេណសាលាដែលបម្រើដល់ជនអន្តោប្រវេសន៍ឌីជីថលរាប់រយនាក់ ដើម្បីស៊ើបអង្កេតការអះអាងថាខ្លួនកំពុងទទួលជនបរទេសដោយខុសច្បាប់។
យោងតាមលោក Onn Hafiz Ghazi អភិបាលរដ្ឋ Johor បានឱ្យដឹងថា អាជ្ញាធរក្រុងបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់សាលា Network ហើយបានបញ្ជាឱ្យវាបញ្ឈប់ប្រតិបត្តិការរួចទៅហើយ។
ទីតាំងសាលា Network មួយកំពុងដំណើរការដោយគ្មានអាជ្ញាប័ណ្ណ និងមួយទៀត «អនុវត្តសកម្មភាពខុសពីអ្វីដែលត្រូវបានអនុញ្ញាតក្រោមលិខិតអនុញ្ញាតប្រើប្រាស់ការិយាល័យរបស់ខ្លួន» នេះបើយោងតាមក្រុមប្រឹក្សាក្រុង Iskandar Puteri។
គូសបញ្ជាក់ថា អាជ្ញាធរបានឆ្មក់ចូលបរិវេណសាលាកាលពីសប្តាហ៍មុន បន្ទាប់ផ្សព្វផ្សាយតាមអ៊ីនធឺណែតថាកំពុងបំពានច្បាប់អន្តោប្រវេសន៍។
ការចោទប្រកាន់ទាំងនេះផ្តោតលើជនជាតិអ៊ីស្រាអែលដែលមានសញ្ជាតិពីរត្រូវបានអនុញ្ញាតឱ្យធ្វើការនៅទីនោះ។
យ៉ាងណាក៏ដោយ ប្រទេសម៉ាឡេស៊ីដែលភាគច្រើនជាមូស្លីមមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ ហើយហាមឃាត់អ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលមិនឱ្យចូលប្រទេស ប៉ុន្តែមិនមានច្បាប់ជាក់លាក់អំពីអ្នកកាន់លិខិតឆ្លងដែនប្រទេសទីពីរទេ៕