ព័ត៌មានអន្តរជាតិ
អាស៊ាន ជួបជុំគ្នានៅហ្វីលីពីន ពិភាក្សាលើជម្លោះនៅមជ្ឈិមបូព៌ា និងអរិភាពក្នុងតំបន់
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន បានជួបជុំគ្នានៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខអន្តរជាតិដ៏ក្តៅគគុក និង ជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ស្ថិរភាពពិភពលោក ជាពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asahi កិច្ចប្រជុំរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១-២៣ ខែកក្កដានេះ ដោយមានការចូលរួមពីតំណាងមហាអំណាចពិភពលោក រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។
ក្នុងរបៀបវារៈអាទិភាព រដ្ឋមន្ត្រីការបរទេសអាស៊ាន គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីសម្តែងការព្រួយបារម្ភ ចំពោះអរិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលកំពុងរីករាលដាល និងគំរាមកំហែងដល់ចរាចរណ៍នាវាចរក្នុងច្រកសមុទ្រហ័រមូស។ បញ្ហានេះប៉ះពាល់ផ្ទាល់ដល់សន្តិសុខថាមពលរបស់តំបន់អាស៊ាន ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។
ក្រៅពីបញ្ហាអន្តរជាតិ កិច្ចប្រជុំអាស៊ាននេះ ក៏នឹងផ្តោតលើជម្លោះផ្ទៃក្នុង រួមមាន វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាព្រំដែនកម្ពុជា-ថៃ និងជម្លោះដែនសមុទ្រចិនខាងត្បូងផងដែរ។ ថ្វីដ្បិតមានការខិតខំប្រឹងប្រែងតាមរយៈ «ផែនការសន្តិភាព ៥ចំណុច» ក៏ដោយ ក៏ហិង្សានៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ប្រមុខការទូតថៃ នឹងប្រឈមមុខជាថ្មីជាមួយប្រមុខការទូតកម្ពុជា ជុំវិញបញ្ហាការរុករាន ទន្ទ្រាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសមកពីជិត៣០ប្រទេស។
ការជួបពិភាក្សាថ្មីៗរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងមីយ៉ាន់ម៉ា បានបង្កឱ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស ប៉ុន្តែរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានអះអាងថា នេះគឺជាផ្នែកមួយនៃការទូតដ៏ម៉ឺងម៉ាត់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជាមួយគ្រប់ភាគីពាក់ព័ន្ធ៕