ព័ត៌មានអន្តរជាតិ
ចក្រភពអង់គ្លេស នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី លោក Andy Burnham
គួរឱ្យភ្ញាក់ផ្អើល! លោក Andy Burnham បានក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ជាផ្លូវការ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយជំនួសតំណែងរបស់លោក Sir Keir Starmer។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ក្នុងដំណើរការផ្ទេរអំណាចនេះ លោក Starmer នឹងថ្លែងសុន្ទរកថាចុងក្រោយមុនពេលលោក និងលោក Burnham ចូលគាល់ព្រះមហាក្សត្រ Charles នៅរាជវាំង Buckingham ដើម្បីបំពេញនីតិវិធីផ្លូវច្បាប់។
ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Burnham ត្រូវគេរំពឹងថានឹងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្ថិរភាពនយោបាយ និងការស្តារទំនុកចិត្តពីសាធារណជន បន្ទាប់ពីអង់គ្លេស បានឆ្លងកាត់ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីដល់ទៅ៧រូប ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ។ លោកធ្លាប់បានសន្យាផ្តល់ «ភាពធូរស្រាល» ដល់គ្រួសារដែលកំពុងជួបការលំបាក ដោយសារវិបត្តិថ្លៃដើមជីវភាពរស់នៅ។ ក្នុងចំណោមគោលនយោបាយដំបូង លោកបានប្រកាសលុបចោលកម្មវិធីអត្តសញ្ញាណប័ណ្ណឌីជីថល (Digital ID) ដែលជាគម្រោងរបស់លោក Starmer ដើម្បីបង្វែរថវិកាទៅសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋវិញ។
ជុំវិញបញ្ហាថាមពល រដ្ឋាភិបាលថ្មីអាចនឹងពិចារណាលើការបើកសិទ្ធិខួងយកប្រេង និងឧស្ម័នបន្ថែមនៅសមុទ្រខាងជើង ដើម្បីដោះស្រាយបញ្ហាថ្លៃថាមពល ដែលការណ៍នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យ៉ាងណាក៏ដោយ លោក Burnham នឹងត្រូវប្រឈមមុខនឹងបញ្ហាធំៗមួយចំនួនទៀត រួមមាន ការសម្រេចចិត្តលើការធ្វើជាតូបនីយកម្មបណ្តោះអាសន្នលើក្រុមហ៊ុនទឹកស្អាត Thames Water ដែលកំពុងជំពាក់បំណុលរាប់សិបពាន់លានដុល្លារ ក៏ដូចជាការកែទម្រង់ប្រព័ន្ធថែទាំសង្គមដែលជាកិច្ចការអាទិភាពមួយ៕