ព័ត៌មានអន្តរជាតិ
ពូទីន ចាត់ទុកកងទ័ពកូរ៉េខាងជើង ជា«វីរបុរស» ក្រោយជួយវាយប្រហារអ៊ុយក្រែន
លោក ពូទីន ដែលបានសរសើរចំពោះកម្រិតខ្ពស់នៃទំនាក់ទំនងរវាងវិមានក្រឹមឡាំង និងទីក្រុងព្យុងយ៉ាងថា ភាពក្លាហាន និងវីរភាពដែលទាហានកូរ៉េខាងជើងបានបង្ហាញនៅក្នុងសមរភូមិនៅតំបន់ Kursk របស់រុស្ស៊ី នឹងមិនត្រូវគេបំភ្លេចចោលឡើយនៅក្នុងប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ លោក ពូទីន ក៏បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
ការលើកឡើងបែបនេះ ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបនិងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆេ សុនហ៊ី (Choe Son-hui) នៅវិមានក្រឹមឡាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដានេះថា លោកស្រី ឆេ សុនហ៊ី បានឆ្លើយតបបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ទីក្រុងព្យុងយ៉ាង ចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីក្រុងម៉ូស្គូ ។ កន្លងមក លោក គីម ជុងអ៊ុន ធ្លាប់បានប្រាប់លោក ពូទីន ថា «គ្មាននរណាម្នាក់អាចបំបែកបំបាក់ទំនាក់ទំនង» រវាងប្រទេសទាំងពីរបានឡើយ ដែលទំនាក់ទំនងនេះត្រូវបានពង្រឹងកាន់តែរឹងមាំតាមរយៈ «ការបង្ហូរឈាមរួមគ្នា»នៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន។
ដោយឡែក កាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីបំពាក់គ្រឿងឥស្សរិយយសលំដាប់នៃភាពក្លាហានរបស់រុស្ស៊ី ជូនដល់កងទ័ពដែលបានចូលរួមក្នុងការរំដោះតំបន់ Kursk ។ លោក បានលើកឡើងដែរថាទាហានកូរ៉េខាងជើងទាំងនោះថា ជា «វីរបុរស ពិតប្រាកដនៃសម័យកាលរបស់យើង ជាកងទ័ពឆ្នើម ជាមោទនភាព និងជាកំពែងដ៏រឹងមាំនៃកងកម្លាំងប្រដាប់អាវុធកូរ៉េ»។
សូមរម្លឹកឡើងវិញថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ទឹកដីរុស្ស៊ីកាលពីចុងឆ្នាំ ២០២៤ អនុលោមតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលតម្រូវឲ្យទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាងត្រូវជួយការពារគ្នាទៅវិញទៅមក ក្នុងករណីមានការឈ្លានពានណាមួយ៕