ព័ត៌មានអន្តរជាតិ
យ៉ាងហោចណាស់មានមនុស្សស្លាប់ ៦នាក់និងរបួស ២១នាក់ បន្ទាប់ពីគ្រោះរញ្ជួយដី ២លើកជាប់ៗគ្នានៅប្រទេសប៉េរូ
យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានស្លាប់ និង ២១នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីពីរលើកបានវាយប្រហារតំបន់ភ្នំមួយនៃប្រទេសប៉េរូ នេះបើយោងតាមប្រធានការពារជនស៊ីវិល។
យោងតាមការផ្សាយរបស់រ៉យទ័របានឱ្យដឹងនៅថ្ងៃទី២០កក្កដានេះថា គ្រោះរញ្ជួយដីកម្រិត ៥.១ និង ៣.៧ រ៉ិចទ័រ បានវាយប្រហារនៅយប់ថ្ងៃសៅរ៍ នៅក្នុងខេត្ត Chupaca ក្នុងតំបន់ Junín ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ (១៨៦ម៉ាយ) ភាគខាងកើតនៃទីក្រុងលីម៉ា។
គ្រោះរញ្ជួយដីលើកដំបូងបានវាយប្រហារនៅជម្រៅ ២៤គីឡូម៉ែត្រ (១៥ម៉ាយ) និងលើកទីពីរនៅជម្រៅ ១៨គីឡូម៉ែត្រ។
យោងតាមលោក Luis Vásquez ប្រធានវិទ្យាស្ថានការពារជនស៊ីវិលជាតិរបស់ប្រទេសប៉េរូ បានបញ្ជាក់ថា ផ្ទះប្រហែល ៤៨ ខ្នងត្រូវបានបំផ្លាញ និង ១៨ ខ្នងផ្សេងទៀតរងការខូចខាត ខណៈប៉ះពាល់ដល់មនុស្សប្រហែល ៣០០ នាក់។
ក្រុមសង្គ្រោះបន្ទាន់ បានមកដល់តំបន់ដែលរងផលប៉ះពាល់ ដើម្បីសម្អាតកម្ទេចកម្ទី ចំពេលមានការព្រួយបារម្ភថា ជនរងគ្រោះបន្ថែមអាចជាប់គាំងនៅក្នុងអាគាបែកបាក់។
គូសបញ្ជាក់ថា ប្រទេសប៉េរូស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មួយដែលមានប្រហែល ៨៥% នៃសកម្មភាពរញ្ជួយដីរបស់ពិភពលោក៕