ព័ត៌មានអន្តរជាតិ
FIFA នឹងផ្តល់ពានរង្វាន់ចិញ្ចៀនមាសដាំពេជ្រ ដល់ម្ចាស់ជើងឯក World Cup 2026
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសជាផ្លូវការថា ម្ចាស់ជើងឯកពានរង្វាន់ពិភពលោក World Cup 2026 នឹងទទួលបាន «ចិញ្ចៀនជើងឯក» Championship Rings» ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៩៦ឆ្នាំនៃព្រឹត្តិការណ៍នេះ។
តាមសេចក្តីប្រកាសលើគេហទំព័រ FIFA ផ្ទាល់កាលពីថ្ងៃទី១៦ ខែកក្កដានេះ ចិញ្ចៀនទាំងនេះ ជាប្រភេទ Limited-Edition ដែលផលិតឡើងត្រឹមតែ ២០២៦ វង់ប៉ុណ្ណោះ ដោយមានវាយលេខរៀងដាច់ដោយឡែកពីគ្នា ចាប់ពី ១ ដល់ ២០២៦។
ចិញ្ចៀននេះធ្វើពីមាសទឹកដប់ និងដាំពេជ្រ ដោយផ្នែកម្ខាងមានរូបពានរង្វាន់ FIFA World Cup ចំណែកម្ខាងទៀត មានរូបឡូហ្គោ និងអត្តសញ្ញាណផ្ទាល់របស់ប្រទេសដែលឈ្នះជើងឯក។
ចិញ្ចៀនដែលច្នៃឡើងជាពិសេសចំនួន ៣០វង់ ត្រូវបានបម្រុងទុក សម្រាប់ផ្តល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមឈ្នះពាន ខណៈ ១ ៩៩៦វង់ដែលនៅសល់ នឹងត្រូវដាក់លក់នៅទូទាំងសកលលោក ជាវត្ថុអនុស្សាវរីយ៍ស្របច្បាប់ផ្លូវការ ដែលអនុញ្ញាតឲ្យអ្នកគាំទ្រ អាចមានឱកាសក្លាយជាម្ចាស់របស់វា។
ក្រោយចប់ការប្រកួតភ្លាម កីឡាករ និងគ្រូបង្វឹកនៃក្រុមឈ្នះជើងឯក នឹងត្រូវទទួលបានចិញ្ចៀនបណ្តោះអាសន្នសិនប៉ុណ្ណោះ ហើយថ្ងៃក្រោយ ទើបម្ចាស់កម្មសិទ្ធ ត្រូវគេទៅវាស់ខ្នាត ដើម្បីផលិតឲ្យត្រូវទៅតាមទំហំម្រាមដៃរបស់បុគ្គលម្នាក់ៗ។
សូមជម្រាបថា អាហ្សង់ទីន នឹងត្រូវប៉ះជាមួយ អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ២០២៦ នាវេលាម៉ោង ២ យប់អាធ្រាត្រ ថ្ងៃអាទិត្យ ទី១៩ ឈានចូលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦ នៅកីឡដ្ឋាន MetLife ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក៕