ព័ត៌មានអន្តរជាតិ
ថៃនឹងព្យួរការងារមន្ត្រីជិត ៦០០០នាក់ ជុំវិញសូកលុយក្រោមតុ
មន្ត្រីរាជការថៃរាប់ពាន់នាក់ប្រឈមមុខនឹងការព្យួរការងារដោយសាររឿងអាស្រូវបន្លំប្រឡង ខណៈដែលក្រុមអ្នកស៊ើបអង្កេតបានពង្រីកការស៊ើបអង្កេតមួយដែលបាននាំឱ្យមានការចាប់ខ្លួនមន្ត្រីចំនួនបីនាក់រួចហើយ។ នេះបើយោងតាម AFP ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដានេះ។
ករណីអំពើពុករលួយ និងការសូកប៉ាន់តែងតែក្លាយជាចំណងជើងព័ត៌មានដ៏ល្បីល្បាញនៅក្នុងប្រទេសថៃ ប៉ុន្តែវាកម្រមានណាស់សម្រាប់មន្ត្រីរាជការជាច្រើននាក់ដែលរងផលប៉ះពាល់ដោយសារតែមានអំណាចពេញលេញការពារខ្លួនពីច្បាប់។
ប៉ុន្តែរឿងអាស្រូវនេះបានចាប់ផ្តើមបែកធ្លាយនៅក្នុងខែមិថុនា នៅពេលដែលអ្នកស៊ើបអង្កេតបានសន្និដ្ឋានថា មន្ត្រីបានទទួលសំណូករហូតដល់ ៨០០,០០០ បាត (២៣,៨៤៧ ដុល្លារ) ដើម្បីផ្លាស់ប្តូរលទ្ធផលរបស់បេក្ខជនតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីអនុញ្ញាតឱ្យពួកគេប្រឡងជាប់សម្រាប់ការតែងតាំងរដ្ឋាភិបាល ឬការឡើងឋានៈក្នុងជួររដ្ឋាភិបាល។
មន្ត្រីក្រសួងមហាផ្ទៃលោក Unsit Sampuntharat បានបញ្ជាក់ថា ប៉ូលីសបានរកឃើញភាពមិនប្រក្រតីនៅក្នុងលទ្ធផលរបស់មន្ត្រីរាជការចំនួន ៥,៨១៤ នាក់ដែលបានប្រឡងទាំងនោះ។ ហើយពួកគេអាចត្រូវបានព្យួរការងារដោយរង់ចាំការសម្រេចចិត្តរបស់គណៈកម្មាធិការនៅពេលក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានអះអាងថានឹងពិនិត្យឡើងវិញនូវក្រដាសប្រឡងប្រហែល ៨០០,០០០ សន្លឹកឡើងវិញ ខណៈដែលក្រុមអ្នកស៊ើបអង្កេតស្វែងរកការកំណត់វិសាលភាពពេញលេញនៃការក្លែងបន្លំដែលត្រូវបានចោទប្រកាន់។
គូសបញ្ជាក់ថា ប៉ូលីសបានចាប់ខ្លួនជនជាប់ចោទដែលជាមេខ្លោង គឺបុរសពីរនាក់ និងស្ត្រីម្នាក់ ពីបទចោទប្រកាន់ជាច្រើន រួមមានការបំផ្លាញ និងលាក់បាំងឯកសារផ្លូវការ ដោយម្នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួនបន្ទាប់ពីរត់គេចខ្លួនទៅកាន់ប្រទេសឡាវ ដែលជាប្រទេសជិតខាង៕