ព័ត៌មានអន្តរជាតិ
មហាសេដ្ឋីអារ៉ាប់ ទិញឡានទំនើប ៥៩គ្រឿងជូនដល់ក្រុមបាល់ទាត់អេហ្ស៊ីប ក្រោយចាញ់ក្រុមអាហ្សង់ទីន
លោក Khalaf Al Habtoor មហាសេដ្ឋីលំដាប់កំពូលអារ៉ាប់រួម (UAE) បានយកថវិកាជិត ១.៧ លានដុល្លារអាម៉េរិក ដើម្បីទិញរថយន្ត SUV ម៉ាក Mitsubishi Eclipse Cross ស៊េរីថ្មីស្រឡាងចំនួន ៥៩គ្រឿង ជូនដល់សមាជិកក្រុមជម្រើសជាតិអេហ្ស៊ីបទាំងអស់ រាប់ចាប់តាំងពីកីឡាករ គ្រូបង្វឹក រហូតដល់បុគ្គលិកផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល។ រថយន្តទាំងនោះ ក្នុងមួយគ្រឿងៗមានតម្លៃប្រមាណ ២៩,០០០ ដុល្លារអាម៉េរិក។
លោក Khalaf គូសបញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តផ្តល់ជូនរថយន្តដល់បុគ្គលិកគ្រប់ផ្នែក ព្រោះលោកយល់ថា ជោគជ័យដ៏អស្ចារ្យនេះកើតចេញពីការរួមចំណែក និង ការធ្វើការងារជាក្រុមរបស់មនុស្សគ្រប់គ្នា។
ការផ្តល់កាដូនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរចំពោះការបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ដែលបានឡើងមកដល់វគ្គ ១៦ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2026។
កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ នៅក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ក្រុមអេហ្ស៊ីប បានចាញ់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងគ្រាប់បាល់ ២ ទល់ ៣។ ប៉ុន្តែពេលវិលត្រឡប់មកមាតុភូមិ ក្រុមបាល់ទាត់អេហ្ស៊ីប ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដូចជាវីរៈបុរសពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់ ហើយថែមទាំងត្រូវបានប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi ប្រគល់មេដាយកិត្តិយសជាតិជូនដល់សមាជិកគ្រប់រូប៕