ព័ត៌មានអន្តរជាតិ
អាម៉េរិក ប្រកាសដកទ័ពចេញពីទឹកដីអ៊ីរ៉ាក់ ក្រោយឈរជើងអស់ ២៣ឆ្នាំ
សហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការបិទបញ្ចប់បេសកកម្មយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយកងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញត្រឹមថ្ងៃទី៣០ ខែកញ្ញា ខាងមុខ បន្ទាប់ពីឈរជើងអស់រយៈពេល ២៣ឆ្នាំ។
យោងតាមសារព័ត៌មាន India Today បានចុះផ្សាយថ្ងៃទី១៥ ខែកក្កដានេះថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនលែងមើលឃើញពីភាពចាំបាច់ក្នុងការរក្សាកងទ័ពនៅក្នុងប្រទេសនេះទៀតហើយ ដោយជំនួសមកវិញនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងថាមពលជាមួយក្រុមហ៊ុនប្រេងអាម៉េរិក។
ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី Ali al-Zaidi បានលើកឡើងថា ទោះបីជាកងកម្លាំងយោធាអាម៉េរិកនឹងត្រូវចាកចេញ ប៉ុន្តែក្រុមហ៊ុនអាម៉េរិកនឹងនៅតែបន្តប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ដដែល។
យ៉ាងណាក៏ដោយ ការដកខ្លួនរបស់អាម៉េរិកនេះ គឺអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០២៤ ដើម្បីបញ្ចប់បេសកកម្មប្រឆាំងនឹងក្រុម IS ដោយបច្ចុប្បន្នចំនួនកងទ័ពអាម៉េរិកនៅសល់តិចតួចបំផុតក្នុងតួនាទីជាទីប្រឹក្សា។
គួរបញ្ជាក់ថា វត្តមានយោធារបស់អាមេរិកនៅអ៊ីរ៉ាក់ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ នៅពេលដែលអាម៉េរិកដឹកនាំផ្តួលរំលំរបបលោក Saddam Hussein។ ក្រោយមកក្នុងឆ្នាំ២០១៤ កងទ័ពអាម៉េរិក បានវិលត្រឡប់មកអ៊ីរ៉ាក់វិញ តាមការអញ្ជើញរបស់រដ្ឋាភិបាលក្រុងបាកដាដ ដើម្បីជួយហ្វឹកហាត់ និងប្រយុទ្ធប្រឆាំងនឹងក្រុម IS ដែលបានដណ្តើមគ្រប់គ្រងទឹកដីមួយចំនួនធំ។ ការដកកងទ័ពនៅដំណាច់ខែកញ្ញាខាងមុខ នឹងក្លាយជាការបញ្ចប់ជាផ្លូវការនៃជំពូកប្រវត្តិសាស្ត្រយោធាដ៏យូរអង្វែងមួយ ដែលឆ្លងកាត់ទាំងការប្រយុទ្ធ ការហ្វឹកហាត់ និងប្រតិបត្តិការប្រឆាំងភេរវកម្មអស់រយៈពេលជាងពីរទសវត្សរ៍៕