ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ផ្តល់លុយឱ្យអ៊ុយក្រែនទិញដ្រូនអត្តឃាតចំនួន ៥០ ០០០គ្រឿង សម្រាប់វាយប្រហាររុស្ស៊ី
ប្រទេសអាល្លឺម៉ង់បានមូលនិធិយោធាទិញដ្រូនវាយប្រហារចំនួន ៥០ ០០០គ្រឿងដល់អ៊ុយក្រែន ដើម្បីទប់ទល់ និងវាយបកទៅលើរុស្ស៊ីវិញ ខណៈភាគីទាំងពីរនេះនៅតែបន្តវាយប្រហារគ្នាយ៉ាងខ្លាំងក្លាបំផុត។
នេះបើតាមសារព័ត៌មាន Reuters បានផ្សាយថា អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើប្រភេទយានគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលសង្គ្រាម ដែលមានរយៈពេលជាង៤ឆ្នាំមកនេះ។ អ៊ុយក្រែន ក៏កំពុងផលិតដ្រូនរាប់លានគ្រឿងជារៀងរាល់ឆ្នាំផងដែរ ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរុស្ស៊ីដោយប្រើដ្រូនរាប់រយដងក្នុងមួយថ្ងៃៗ។
ការបញ្ជាទិញដ្រូនវាយប្រហារនេះ រួមមានដ្រូនប្រភេទ Shrike FPV ដែលផលិតដោយក្រុមហ៊ុនយក្សរបស់អ៊ុយក្រែន SkyFall និងបំពាក់ដោយកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាម៉េរិក Auterion។ ដ្រូនប្រភេទនេះ ត្រូវបានរចនាឡើង ដើម្បីតាមដាន និងវាយប្រហារគោលដៅមានចលនាដោយស្វ័យប្រវត្តិ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Auterion បានបញ្ជាក់ថា ពិតជាមានកិច្ចព្រមព្រៀងទិញលក់ ដែលមានតម្លៃប្រហែល ៩០លានអឺរ៉ូ (១០៣លានដុល្លារ) ហើយទឹកប្រាក់នេះ គឺបានមកពីប្រទេសមួយនៅអឺរ៉ុប។ ក្រុមហ៊ុននេះបន្តថា ដ្រូនមួយចំនួនត្រូវបានប្រគល់ជូនរដ្ឋាភិបាលអ៊ុយក្រែនរួចរាល់ហើយ ចំណែកឯដ្រូន ដែលនៅសល់នឹងត្រូវបញ្ជូនទៅជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។
ជាមួយគ្នានេះក្រុមហ៊ុន SkyFall របស់អ៊ុយក្រែនវិញ បានបញ្ជាក់ពីការចូលរួមរបស់ប្រទេសអាល្លឺម៉ង់ក្នុងការទិញដ្រូននេះ ប៉ុន្តែក្រុមហ៊ុនមិនអាចផ្តល់អត្ថាធិប្បាយលើព័ត៌មានលម្អិតនៃការបញ្ជាទិញនេះបានទេ។
ទោះជាមានការចោទប្រកាន់យ៉ាងណាក៏ដោយ ក្រសួងការពារជាតិអាល្លឺម៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយលើកឡើងពីហេតុផលសន្តិសុខនៃប្រតិបត្តិការ។ ដូចគ្នានេះដែរ ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដូចគ្នា។
គូសបញ្ជាក់ថា ដ្រូនប្រភេទ Shrike FPV ដែលជាដ្រូនមានតម្លៃថោក បានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន តាំងពីឆ្នាំ២០២៣មកនោះ នាពេល៤ឆ្នាំចុងក្រោយនេះវាទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំងនៅទ្វីបអ៊ឺរ៉ុប៕