ព័ត៌មានអន្តរជាតិ
ទូកដឹកភ្ញៀវទេសចរលិចនៅកោះភូគុក បណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់
ទូកទេសចរណ៍មួយបានលិចកាលពីថ្ងៃទី១១ ខែកក្កដានៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះភូគុក ប្រទេសវៀតណាម បណ្តាលឱ្យអ្នកទេសចរឥណ្ឌា ១៥នាក់បានស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់ VnExpress ។
យោងតាមរបាយការណ៍នាវានេះដឹកមនុស្ស ៣៦នាក់ រួមទាំងអ្នកទេសចរឥណ្ឌា ៣២នាក់ សមាជិកនាវិក ៣នាក់ និងអ្នកបម្រើម្នាក់ ខណៈមនុស្ស ២១នាក់បានរួចផុតពីគ្រោះថ្នាក់នេះ។
ស្ថានទូតឥណ្ឌាប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា ខ្លួនកំពុងតាមដានហេតុការណ៍នេះ ហើយបានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់នៅទីក្រុងហូជីមិញ និងហាណូយ ដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់។
ស្ថានទូតបានបញ្ជាក់បន្ថែមថា ព័ត៌មានលម្អិតពិតប្រាកដនៃហេតុការណ៍នេះកំពុងត្រូវបានបញ្ជាក់ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដោយអាជ្ញាធរមូលដ្ឋានកំពុងដំណើរការ។
យោងតាមអាជ្ញាធរ ទូកនេះកំពុងធ្វើដំណើរពីកោះហុនម៉ៃរូតទៅកាន់កំពង់ផែអានថយ នៅពេលដែលវាបានក្រឡាប់ចូលទៅក្នុងសមុទ្រប្រហែល ៤០០ ម៉ែត្រ (៤៤០ យ៉ាត)។
គូសបញ្ជាក់ថា កោះភូគុក ដែលជាកោះធំជាងគេរបស់ប្រទេសវៀតណាម បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយទាក់ទាញភ្ញៀវទេសចរឥណ្ឌាជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕