ព័ត៌មានអន្តរជាតិ
ឆាបឆេះបារកម្សាន្តមួយនៅក្រុងបាងកកថៃ ស្លាប់មនុស្ស ២៧ នាក់ក្នុងភ្នក់ភ្លើង
អគ្គីភ័យបានឆេះឆាបបារមួយកន្លែងក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់កាលពីយប់ថ្ងៃអាទិត្យម្សិលម៉ិញនេះ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣កក្កដានេះ។
លោក អនុទីន បានបញ្ជាក់នៅកន្លែងកើតហេតុថា «សាកសពចំនួន ២៧ នាក់ត្រូវបានដឹកចេញ ខ្លះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យកំពុងពិនិត្យមើលស្ថានភាពរបស់ពួកគេ»។ លោកបន្តថា ជនរងគ្រោះភាគច្រើនបានរត់ទៅខាងក្រោយ ទៅចូលបង្គន់ដែលគ្មានច្រកចេញដោយសារភ័យស្លន់ស្លោពេក។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុនៃការឆេះនេះដោយសារផ្សែងចេញពីឧបករណ៍បំបែកសៀគ្វីនៅជិតឆាក បន្ទាប់មកអគ្គិសនីបានដាច់ ហើយក៏ផ្ទុះឡើងតែម្តង។
នេះមិនមែនជាលើកទីមួយទេដែលឧប្បត្តិហេតុបែបនេះបានកើតឡើង កាលពីបួនឆ្នាំមុន អគ្គីភ័យមួយផ្សេងទៀតនៅក្នុងបារនៅភាគខាងត្បូងនៃទីក្រុងបាងកកបានសម្លាប់មនុស្ស ២២នាក់។ ខណៈក្នុងឆ្នាំ ២០០៩ មនុស្ស ៦៦ នាក់បានស្លាប់នៅក្នុងអគ្គីភ័យក្លឹបរាត្រីមួយនៅក្នុងរាជធានីផងដែរ។
ទោះបីជាមានការសន្យាជាផ្លូវការក្នុងការកែលម្អស្តង់ដារសុវត្ថិភាពអគ្គីភ័យ និងអគ្គិសនីបន្ទាប់ពីឧប្បត្តិហេតុទាំងនេះក៏ដោយ ក៏វានៅតែត្រូវបានអនុវត្តមិនបានល្អនៅក្នុងប្រទេសថៃដដែរ៕