ព័ត៌មានអន្តរជាតិ
នីហ្សេរីយ៉ាបានសម្លាប់ «ក្រុមភេរវករ» ជាង ៣០០នាក់នៅភាគខាងជើង
កងទ័ពនីហ្សេរីយ៉ាបានសម្លាប់សមាជិកក្រុមចាប់ជំរិត និងក្រុមភេរវករជាង ៣០០នាក់ នៅភាគពាយ័ព្យនៃរដ្ឋ Zamfara ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការផ្សាយរបស់AFP នៅថ្ងែទី១១ ខែកក្កដានេះ។
យោងតាមលោក Mahmud Muhammad Dantawasa ស្នងការព័ត៌មាន Zamfara បានឱ្យដឹងថា កងទ័ពបានកំណត់គោលដៅក្រុមភេរវករនៅក្នុងស្រុក Gummi ក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃ ដែល «នាំទៅដល់ការលុបបំបាត់ភេរវករជាង ៣០០នាក់»។
ក្រុមជីហាដ និងក្រុម «ចោរប្លន់» ដែលមានជំនាញខាងចាប់ជំរិតដើម្បីទាមទារប្រាក់លោះ បានធ្វើសកម្មភាពភេរវកម្មសហគមន៍នៅភាគខាងជើង និងកណ្តាលប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលពួកគេបើកការវាយឆ្មក់ដ៏សាហាវ និងដាក់ពន្ធលើកសិករដែលចង់ចូលទៅក្នុងវាលស្រែរបស់ពួកគេ។
អ្នកវិភាគសន្តិសុខបានកត់សម្គាល់ឃើញពីកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងក្រុមឧក្រិដ្ឋជន ដែលភាគច្រើនត្រូវបានជំរុញដោយផលប្រយោជន៍ហិរញ្ញវត្ថុនៅក្នុងប្រទេសក្រីក្រនេះ និងពួកជីហាដ ដែលកំពុងធ្វើការបះបោរអស់រយៈពេល ១៧ ឆ្នាំនៅភាគឦសាន។
ដោយឡែកលោក Abubakar Muhammad ជាអ្នកស្រុក Gummi បានបញ្ជាក់ថា ទាហាន និងក្រុមអ្នកការពារក្នុងតំបន់បានប្រយុទ្ធជាមួយចោរប្លន់ប្រហែល ១,០០០នាក់ ដែលកំពុងផ្លាស់ទីលំនៅចេញពីជំរំរបស់ពួកគេជាមួយនឹងហ្វូងសត្វរាប់រយក្បាលដែលត្រូវបានលួចនៅយប់ថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍។
លោក Muhammad បានបន្តថា «ទាហាន និងក្រុមអ្នកការពារបានសម្លាប់ចោរប្លន់ជាង ៣០០ នាក់នៅក្នុងការប្រយុទ្ធដែលបានឆាបឆេះពេញមួយយប់ និងព្រឹកបន្ទាប់»។
កាលពីខែកក្កដា ឆ្នាំមុន ទាហាននីហ្សេរីយ៉ាបានសម្លាប់ចោរប្លន់យ៉ាងហោចណាស់ ១៥០នាក់នៅក្នុងការវាយឆ្មក់លើក្បួនរថយន្តដ៏ធំមួយដែលមានក្រុមចោរប្លន់ប្រហែល ៣៥០ នាក់នៅក្នុងរដ្ឋ Kebbi ក្បែរនោះ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ជំរំរបស់ពួកគេនៅក្នុងរដ្ឋ Niger ។
មួយខែក្រោយមក យោធាបានសម្លាប់ចោរប្លន់ជាង ១០០ នាក់នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋាន Bukkuyum នៃ Zamfara ជាកន្លែងដែលយន្តហោះចម្បាំងសហការជាមួយកងទ័ពជើងគោកបានវាយប្រហារក្រុមចោរប្លន់ជាង ៤០០ នាក់នៅក្នុងជំរំព្រៃឈើមួយ នេះបើយោងតាមរបាយការណ៍សន្តិសុខដែលរៀបចំសម្រាប់អង្គការសហប្រជាជាតិ។
គូសបញ្ជាក់ថា អាម៉េរិក និងនីហ្សេរីយ៉ា កាលពីពេលកន្លងទៅបានសហការគ្នាសម្លាប់មេបញ្ជាការលំដាប់ទីពីរនៃក្រុមរដ្ឋអ៊ីស្លាម រួមជាមួយយុទ្ធជនជិត ២០០ នាក់ផ្សេងទៀតនៅក្នុងភូមិដាច់ស្រយាលមួយនៅភាគឦសានប្រទេសនីហ្សេរីយ៉ា៕