ព័ត៌មានអន្តរជាតិ
វៀតណាម ចាប់ខ្លួនអ្នកនិពន្ធសៀវភៅម្នាក់ ដែលសរសេរពីជីវិតលោក ហូ ជីមិញ
សមត្ថកិច្ចវៀតណាម បានចាប់ខ្លួនអ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះ ង្វៀន ថាញ់ណាម (Nguyen Thanh Nam ) ដែលបានសរសេររៀបរាប់ពីជីវិតតស៊ូរបស់លោក ហូ ជីមិញ ដែលជាស្ថាបនិកបក្សកុម្មុយនីស្តវៀតណាម។ នេះបើយោងតាមការប្រកាសរបស់ប៉ូលីសទីក្រុងហាណូយ កាលពីថ្ងៃទី៧ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរចោទប្រកាន់អ្នកនិពន្ធរូបនេះ ពីបទប្រឆាំងនឹងរដ្ឋ។
លោក ង្វៀន ថាញ់ណាម ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍យក្ស FPT របស់វៀតណាម បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង កាលពីខែឧសភាកន្លងទៅ តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយក្បាលមានចំណងជើងថា «Stories with Thanh — A New Account of Light)»ដែលរៀបរាប់អំពីជីវិតរបស់លោក ហូ ជី មិញ ក្នុងអំឡុងពេលនៅក្រៅប្រទេស ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការដុតបញ្ឆេះចលនារំដោះជាតិវៀតណាម។
ប៉ុន្តែទន្ទឹមនឹងដំណើរការបោះពុម្ភសៀវភៅ គ្រឹះស្ថានបោះពុម្ពផ្សាយក៏ប្រមូលត្រឡប់មកវិញភ្លាមៗ ក្រោយអាជ្ញាធរបានចេញការចាប់ខ្លួនអ្នកនិពន្ធ។
លោក ថាញ់ណាម ត្រូវបានចោទប្រកាន់ពីបទ «បំភ័ន្តប្រវត្តិសាស្ត្រនៃបដិវត្តន៍ ក៏ដូចជាគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ ព្រមទាំងប្រមាថប្រធាន ហូ ជីមិញ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀត»។
គូសបញ្ជាក់ងា លោក ង្វៀន ថាញ់ណាម ដែលមានអាយុ ៦៤ឆ្នាំ គឺជាបុគ្គលដ៏លេចធ្លោ និងល្បីល្បាញមួយរូបនៅក្នុងវិស័យអាជីវកម្មបង្កើតថ្មី (Start-up) របស់ប្រទេសវៀតណាម៕